ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រីស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានព្រមានបិទ ក្រុមហ៊ុនដឹកជញ្ជូនទំនិញណា ដែលនៅតែបន្តដឹកទំនិញលើសទំងន់កំណត់ ដែលធ្វើឲ្យផ្លូវឆាប់ទ្រុឌទ្រោម និងដូចខាត។ ការថ្លែងព្រមានរបស់ឯកឧត្ដមទេសរដ្ឋមន្ដ្រីស៊ុន ចាន់ថុល ដូច្នេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។ នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ថ្លែងទៅកាន់អង្គពិធី និងឆ្លើយតបទៅនឹងកង្វល់របស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនដែលបានអះអាងថាការបង្ក្រាបរថយន្តផ្ទុកទំនិញលើសទំងន់កម្រិតកំណត់មានលក្ខណៈដូចវែកចក លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ដើម្បីកុំឲ្យដូចវែកចក គឺយើងត្រូវយកចកចេញឲ្យអស់” ពោលគឺត្រូវប្រើយន្តការច្បាប់ និងរកប្រភពដើមឱ្យឃើញ និងបិទក្រុមហ៊ុនណាដែលមិនគោរពច្បាប់។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ទៀត ថា ការត្រួតពិនិត្យយានយន្តផ្ទុកទំនិញលើសទំងន់កម្រិតកំណត់ និងការកែច្នៃខុសលក្ខណៈបច្ចេកទេសយានយន្តត្រូវតែបន្តអនុវត្តឲ្យបានជាប្រចាំនិងម៉ឺងម៉ាត់បំផុត ព្រោះថាបើរថយន្តតែមួយគ្រឿងដឹកលើសទម្ងន់កម្រិតកំណត់ ២០តោនគឺស្មើនឹងរថយន្ត១សែន៦ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ ដែលធ្វើឲ្យផ្លូវឆាប់ទ្រុឌទ្រោម និងដូចខាត។ ករណីនេះធ្វើឲ្យខាតបង់ថវិកាជាតិរាប់រយលានដុល្លារសម្រាប់ជួសជុលផ្លូវឡើងវិញក្នុងមួយឆ្នាំៗ។នៅក្នុងឱកាសដដែលនេះ លោកទេសរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើឲ្យមន្ត្រីទាំងអស់រួបរួមសាគ្គីសហការគ្នាឲ្យ បានរឹងមាំ ហើយសូមកុំឲ្យមានការបែងចែកជាក្រុម ជាបក្សពួក ពោលគឺមានតែក្រុមមួយគត់គឺ ក្រុមមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីរួមគ្នាកសាងជាតិមាតុភូមរបស់យើងឲ្យមានការរីកចម្រើនតាមក្ដីស្រម៉ៃរបស់យើងម្នាក់ៗ ដែលចង់ឃើញប្រទេសកម្ពុជារីកចម្រើនដូចប្រទេសអភិវឌ្ឍន៍ក្នុងសកលលោក៕