ក្រចេះ ៖ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ និងទៅកាន់ខេត្តសៀមរាប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា គម្រោងស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ ពីខេត្តក្រចេះទៅខេត្តកំពង់ធំ នឹងត្រូវលេចជារូបរាង នៅក្នុងពេលមានវត្តមានរបស់សម្តេចជានាយករដ្ឋមន្ត្រី នៃអាណត្តិថ្មីខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាស នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះថា កម្ពុជាត្រូវការស្ថាបនាស្ពានថ្មីមួយកន្លែងទៀត គឺឆ្លងកាត់ទន្លេមេគង្គពីទីរួមខេត្តក្រចេះ ទៅកាន់ខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៃខេត្តក្រចេះ ខេត្តកំពង់ធំ និងទៅកាន់ខេត្តសៀមរាប។ ដោយនាពេលបច្ចុប្បន្ន ការធ្វើដំណើរតាមផ្លូវគោគពីទីរួមខេត្តក្រចេះ ទៅកាន់ខេត្តកំពង់ធំ មានចម្ងាយរហូតដល់ ១២៩គីឡូម៉ែត្រ។
សម្តេចតេជោ បានថ្លែងថា គម្រោងស្ថាបនាស្ពាននេះ ត្រូវបានសិក្សារួចហើយ ដោយគម្រោងនេះត្រូវការប្រើប្រាស់ថវិកាជំនួយហិរញ្ញប្បទាន ពីរដ្ឋាភិបាលចិន។ សម្តេចបាន ប្រកាសថា គម្រោងស្ថាបនាស្ពាននេះ នឹងត្រូវបញ្ចប់លេចចេញជារូបរាង នៅក្នុងពេលមានវត្តមានរបស់សម្តេចជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិថ្មីបន្តទៀត។
ការលើកឡើងរបស់សម្តេចតេជោ ដូចនេះ គឺនៅក្នុង ពិធីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ សាកលវិទ្យាល័យក្រចេះ ស្ថិតនៅក្នុងទីរួមខេត្តក្រចេះ ៖ « ខ្ញុំសូមឳកាសនេះបញ្ជាក់ជូនបងប្ងូនខេត្តក្រចេះ និងអគ្គរដ្ឋទូតចិន យើងត្រូវការស្ពានមួយទៀតឆ្លងកាត់ទន្លេមេគង្គ ពីទីរួមខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ និងសម្រួលការធ្វើដំណើរទៅដល់ខេត្តសៀមរាប…វត្តមានរបស់ហ៊ុនសែន វត្តមានរបស់គណបក្សប្រជាជនក្នុងអាណត្តិបន្តនេះ នឹងបញ្ចប់គម្រោងសាងសង់ស្ពាននេះ…»។
សូមបញ្ជាក់ថា គិតពីឆ្នាំ២០០១ ដល់២០១៧ រដ្ឋាភិបាលចិន បានផ្តល់ហិរញ្ញប្បទាន ឥតសំណង និង ឥណទានឥតការប្រាក់ ជាង ៤២៩៧លានដុល្លារអាមេរិក សម្រាប់កិច្ចអភិវឌ្ឍន៌ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។
ក្រៅពីការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន រដ្ឋាភិបាលចិនក៏បាន ផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យអប់រំនៅកម្ពុជាផងដែរ ដោយគិតចាប់ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៨ មូលនិធិចិនដើម្បីសន្តិភាព និងការអិវឌ្ឍ តាមរយៈ គម្រោងមិត្តសម្លាញ់អគារសិក្សាផ្លូវសូត្រ បានសាងសង់អគារសិក្សា ចំនួន១២ខ្នង ស្មើនឹង៨៧បន្ទប់។
ដោយឡែក ក្នុងគម្រោងកែលម្អបរិស្ថានសាលារៀន និងសម្ភារៈរូបវ័ន្ត ក្នុងឆ្នាំ២០១៧-២០១៨ រដ្ឋាភិបាលចិនបានផ្តល់ ហិរញ្ញប្បទានឥតសំណងចំនួន៤០លានដុល្លារ មកកម្ពុជា៕