ភ្នំពេញ ៖ បន្ទាប់ពីឃុំខ្លួនមួយរយៈក្នុងពន្ធនាគារនៅថ្ងៃទី២៥ ខែ ឆ្នាំ២០១៨នេះ លោកកូយសៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសាកសួរអ្នកបើករថយន្តលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ គឺ ជុំវិញអំពើឃាតកម្មសម្លាប់នារី ចេវ សុវឌ្ឍនា ។ លទ្ធផលនៃការសាកសួរនេះ ពុំត្រូវបានទម្លាយឱ្យដឹងទេ ដោយមន្ត្រីតុលាការអះអាងថាជាការសម្ងាត់នៃការស៊ើបសួរ។
លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ សម្រេចចេញដីកាឃុំខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក៣នាក់ទៀត ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ ចំណែកមនុស្សពីរនាក់ទៀត ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ព្រោះមិនជាប់ពាក់ព័ន្ធ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថាអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ទៅលើឈ្មោះ ឡាយ វណ្ណៈនិងឈ្មោះ ឡាយ ណារិទ្ធពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌហើយចោទប្រកាន់ទៅលើឈ្មោះ ម៉េន សាម៉ៃនិងឈ្មោះជឹមវុធពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។
ជនសង្ស័យត្រូវចោទទាំង៤នាក់រួមមាន៖ទី១លោកឡាយវណ្ណៈអតីតអភិបាលខេត្តតាកែវ, ទី២ លោក ឡាយ ណារិទ្ធស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោកឡាយវណ្ណៈទី៣ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈនិងទី៤ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។ ចំណែកមនុស្សពីរនាក់ទៀតត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមាន ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឱ្យលោក ឡាយ ណារិទ្ធ។
លោក ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំនិងលោកឡាយ ណារិទ្ធឡាយណារិទ្ធអាយុ៤៦ឆ្នាំ ជាប់ចោទប្រកាន់ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ឈ្មោះ ម៉េន សាម៉ៃភេទប្រុស អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធហៅថូតភេទប្រុសអាយុ៤១ឆ្នាំ ជាប់ចោទប្រកាន់ពីបទលាក់បំបាំងតម្រុយប្រព្រឹត្តនៅចំណុចផ្ទះជួលភូមិផ្សារតាកោសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ ។
យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថា៖
មាត្រា១៩៩៖ បទឃាតកម្ម៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០(បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្មអំពើឃោរឃៅឬអំពើរំលោភសេពសន្ថវៈ)នៃក្រនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។
មាត្រា៥៣២៖បទលាក់បំបាំងតម្រុយ៖អំពើកែប្រែលុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាមនៅលើទីកន្លែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិតត្រូវផ្ដន្ទាទោសដាក់ពន្ធនាគរពី ១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំនិងពិន័យជាប្រាក់ពី២,០០០,០០០(ពីរលាន)រៀលទៅ៦,០០០,០០០(ប្រាំមួយលាន)រៀល៕