ភ្នំពេញ ៖ លោក សម សេរី មេដឹកនាំចលនារណសិរ្សរំដោះជាតិខ្មែរ ត្រូវបានសមត្ថកិច្ច ថៃ ចាប់ខ្លួន នៅយប់ថ្ងៃទី២៥ ខែមេសា នេះ ខណៈដែលមេដឹកនាំរូបនេះបានចូលទៅបន្តទិដ្ឋាការសុំ ស្នាក់នៅក្នុងប្រទេសថៃបន្ថែមទៀត ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៥ ខែមេសា ក្រោយពេលដែលលោក សម សេរី ត្រូវបានចាប់ខ្លួន ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រកាលពីព្រឹកថ្ងៃទី១០ ខែ មេសា កន្លងទៅថា “យប់មិញខ្ញុំបានបញ្ចេញព័ត៌មានសម្ងាត់មួយ ហើយចៅហ្វាយក្រុងក៏បានដឹងរួចហើយដែរ “ … អាក្បត់ជាតិម្នាក់ឈ្មោះ សម សេរី បានបញ្ជាមកកម្លាំងវានៅទីក្រុងភ្នំពេញ ឲ្យរៀបចំបង្កឲ្យមានការរំខាន និងសម្លេងផ្ទុះនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្ត សៀមរាប មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ តែយើងបានក្តាប់ព័ត៌មាននេះបានអស់ហើយ។
វិទ្យុអាស៊ីសេរី បានផ្សាយនៅយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ ថា «លោក សម សេរី បានផ្ញើសារចូលក្នុងអ៉ីមែលរបស់អាស៊ីសេរីមុនការចាប់ខ្លួនថា សមត្ថកិច្ចថៃបានឃាត់ខ្លួនរូបលោក នៅក្នុងទីក្រុង បាងកក ខណៈដែលលោកកំពុងចូលទៅបន្តទិដ្ឋាការស្នាក់នៅក្នុងប្រទេសថៃ ជាមួយ នោះ ក៏មាន មនុស្សជំនិតរបស់លោក សម សេរី ម្នាក់សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ក៏បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា លោក សម សេរី ត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅឃុំខ្លួន នៅមន្ទីរឃុំឃាំងមួយកន្លែងនៅក្នុងទីក្រុងបាងកកហើយ»។
សូមបញ្ជាក់ថា លោក សម សេរី គឺជាប្រធានចលនារណសិរ្សរំដោះជាតិ ដែលមានមូលដ្ឋាននៅប្រទេសដាណាម៉ាក។ លោកសម សេរី ក៏បានបង្កើតរដ្ឋាភិបាលស្រមោល នៅក្រៅប្រទេសផង ដែរ។ សមាជិក នៃចលនារណសិរ្សរំដោះជាតិ មួយចំនួនត្រូវបានចាប់ខ្លួននៅភ្នំពេញ ដោយប្រព្រឹត្តបទល្មើស និងបង្កចលាចលនៅក្នុងសង្គម មានដូចជា ១.ឈ្មោះ ថាច់ បាន។ ២.ឈ្មោះ អាន វិចិត្រ។ ៣.ឈ្មោះ ផុន ប្រាក់ផាប។ ៤.ឈ្មោះ វន វុធ។ អ្នកទាំង៤ នៅប្រទេសថៃ។ ៥.ឈ្មោះ សោម សុវណ្ណារ៉ា នៅកាណាដា និងទី៦.ឈ្មោះ សម សេរី ប្រធានរណសិរ្សរំដោះជាតិ ដែលត្រូវបានចាប់ ខ្លួននៅក្នុងប្រទេសថៃ នាយប់ ថ្ងៃទី២៥ ខែមេសា នេះ ហើយសមត្ថកិច្ចភាគីកម្ពុជា កំពុងពិភាក្សាជា មួយភាគីថៃ ដើម្បីរៀបចំឯកសារបញ្ជូនលោក សម សេរី មកភ្នំពេញ នាពេលឆាប់ៗនេះ៕