ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅវេលាម៉ោង៤ ៖ ២០នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នេះ បានចូលជួបសម្ដែងការគួរសមលោក ស៊ីនហ្សូ អាបេ (Shinzō Abe) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាទីស្តីការនាយករដ្ឋមន្ត្រី។
ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីជប៉ុន បានស្វាគមន៏ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត តបទៅនឹងការអញ្ជើញរបស់លោកក្នុងជំនួបផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅប្រទេស ម៉ុងហ្គោលី នាពេលកន្លងមក ។ លោកនាយករដ្ឋមន្ត្រី អាបេ ថ្លែងថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត។
លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ជប៉ុននៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ហើយបានលើកនូវយោបល់មួយចំនួនដើម្បីឲ្យកម្ពុជា យកទៅពិចារណាក្នុងគោលបំណងធានាឲ្យការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ និងឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃដំណើរទស្សនកិច្ច របស់លោក ហ៊ុន ម៉ាណែត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកបានជួបពិភាក្សាការងារជាមួយឯកឧត្ដមស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) អគ្គនាយកកិច្ចការ អាស៊ីអាគ្នេយ៍ និងនិរតីនៃក្រសួងការបរទេសជប៉ុន។
ក្នុងកិច្ចពិភាក្សានេះ លោកបណ្ឌិត បានជម្រាបជូនអំពីស្ថានការណ៍ពិតប្រាកដរបស់កម្ពុជាទាំងស្ថេរភាព និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ ដែលនាំឲ្យមានការកើនឡើងនូវទំនុកចិត្តរបស់វិនិយោគិន ក្នុងនោះកំណើនវិនិយោគិនជប៉ុនក៏កាន់តែច្រើនឡើងផងដែរ។ ជាមួយគ្នានេះឯកឧត្ដមស៊ីហ្សិគិ តាគីហ្សាគិ (Shigeki Takizaki) ក៏បានវាយតម្លៃខ្ពស់អំពីកិច្ចទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ។
នៅរសៀលថ្ងៃដដែលនេះ លោកបណ្ឌិតហ៊ុន ម៉ាណែត បានបន្តជួបសម្តែងការគួរសមជាមួយឯកឧត្តមយ៉ាស៊ូហ្ស៊ី អាកាស៊ី (Yasushi Akashi) អតីតតំណាងពិសេសរបស់អគ្គលេខាធិកាអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធាននៃអជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC)។
ក្នុងជំនួបនេះ លោក យ៉ាស៊ូហ្ស៊ី អាកាស៊ី បានរំលឹកឡើងវិញនូវការងារមួយចំនួនដែលកើតមានក្នុងដំណាក់កាលស្វែងរកសន្តិភាពនៅកម្ពុជាក្នុងអំឡុងឆ្នាំ១៩៩២-១៩៩៣ និងការលះបង់ធំៗរបស់ប្រជាជនកម្ពុជា ក៏ដូចជារបស់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិដើម្បីស្វែងរកសន្តិភាពដ៏លំបាកជូនកម្ពុជានាពេលនោះ។
ចំណែកនៅពេលល្ងាចថ្ងៃដដែល លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានរៀបចំអាហារពេលល្ងាចដើម្បីពិភាក្សាការងារ និងស្វាគមន៏ដំណើរមកដល់ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងរាក់ទាក់ស្និទ្ធស្នាល៕