កណ្តាល ៖ ដើម្បីឲ្យការពង្រីកផ្លូវជាតិលេខ៥ពីព្រែកក្តាមដល់ធ្នាម្អម ទទួលបានជោគជ័យ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅសាលាខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការរុះរើហេដ្ឋារចនាសម្ព័ន្ធលើដី និងក្រោមដី រួមមានបង្គោលខ្សែកាបិ៍អុបទិក និងបញ្ហាផ្សេងៗ ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណត់ផ្លូវជាតិលេខ៥ ព្រែកក្តាមដល់ធ្នាម្អម ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្ដាល និងឯកឧត្ដម លី ណារិទឹ្ធ អនុរដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។
លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ ស្នើដល់ក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ផ្លូវ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនានា ស្តីពីផលប៉ះពាល់នៃគម្រោងពង្រីកផ្លូវជាតិលេខ៥នេះ និងសងផលប៉ះពាល់ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់។
លោកសំណូមពរដល់ក្រសួងពាក់ព័ន្ធ ត្រូវអនុវត្តតាមអនុក្រឹត្យស្តីពី ការគ្រប់គ្រង ដីចំណីតាមបណ្ដាញផ្លូវជាតិ និងផ្លូវរថភ្លើង នៃព្រះរាជាណាចក្រកម្ពុជាលេខ១៩៧ អនក្រ,បកC ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩ បានចែងថា ដីចំណីផ្លូវត្រូវបានកំណត់សំរាប់ដំណើរការអភិវឌ្ឍន៏វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវជាតិកំរិតលេខ១ខ្ទង់ ចំណីផ្លូវមានប្រវែង៣០ម៉ែត្រ ពីសងខាងអ័ក្សផ្លូវ ដូច្នេះរាល់ការសាងសង់សំណង់គ្រប់ប្រភេទត្រូ៏វអនុវត្តទៅតាមអនុក្រឹត្យនេះ ដោយទុកគំលាតយ៉ាងតិច៣០ម៉ែត្រពីអ័ក្សផ្លូវ។ ដោយឡែកចំពោះឧបករណ៏បំរើសេវា សាធារណុំផ្សេងៗជាអាទិ៍ បង្គោលភ្លើង បង្ឡោលខ្សែទូរស័ព្ទ ខ្សែកាបិ៍អុបទិក ។ល។ ត្រូវដាក់ឲ្យមានចំងាយយ៉ាងតិច២៨ម៉ែត្រពីអ័ក្សផ្លូវ។
សូមបញ្ជាក់ផងដែរថាគម្រោងពង្រីកផ្លូវជាតិលេខ៥នេះ មាន៤គន្លោង ដែលមានទំហំ២៣ម៉ែត្រ ដែលឆ្លងកាត់ភូមិសាស្ត្រខេត្តចំនួន៣ គឺខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់៕