ភ្នំពេញ ៖ អនុប្រធានទី១នៃរដ្ឋសភាប្រទេសវៀតណាម ប្ដេជ្ញាចិត្តថានឹងចែករំលែកនូវ បទពិសោធន៍ ក្នុងការរៀបចំកិច្ចប្រជុំវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដើម្បីអោយកម្ពុជាទទួលបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ នាឆ្នាំ២០១៩។
នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសានេះ លោកជំទាវ ថុង ធីហ្វុង (Thong Thi Phong) សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានទី១នៃរដ្ឋសភាវៀតណាម បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សភាវៀតណាម ថានឹងជួយចែករំលែកនូវរាល់បទពិសោធន៍ទាំងឡាយដែលសភាវៀតណាមមានកន្លងមក ក្នុងនាម ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ជូនដល់ប្រទេសកម្ពុជា សំដៅធ្វើយ៉ាងណាឲ្យកម្ពុជា ទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំនេះនាឆ្នាំក្រោយ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២៧ ដែល ពិធីផ្ទេរតំណែងជាម្ចាស់ផ្ទះ ប្រធានកិច្ចប្រជុំវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ពីប្រទេសវៀតណាមជូនដល់ប្រទេសកម្ពុជា ត្រូវបានធ្វើឡើងកាលពីថ្ងៃម្សិលមិញនេះ ។
នេះបើតាមការបញ្ជាក់ របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រោយពេលបញ្ចប់ជំនួបទ្វេភាគីនេះ។ នៅក្នុងជំនួបជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានេះដែរ លោកជំទាវ ថុង ធីហ្វុង ក៏បានជំរាបជូន ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកជំទាវ នៅកម្ពុជាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសភានិងសភានៃប្រទេសទាំងពីរ ក្នុងនោះលោកជំទាវ ក៏បានជួបជាមួយ សម្តេចប្រធានរដ្ឋសភា និង អនុប្រធានរដ្ឋសភាកម្ពុជា ផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងអំណរគុណលោកជំទាវចំពោះការប្ដេជ្ញាចិត្ត ក្នុងការផ្ដល់និងជួយចែករំលែកបទពិសោធន៍ដល់កម្ពុជា ដោយសម្តេចបានស្នើសុំឲ្យសភាវៀតណាមនិងសភាកម្ពុជា បន្តសហការគ្នាធ្វើយ៉ាងណាអោយកិច្ចប្រជុំវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយ ទទួលបានជោគជ័យ។
គួរកត់សំគាល់ដែរថា នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ លោកជំទាវ ថុង ធីហ្វុង បានសម្តែងការអបអរសាទរ សម្តេចតេជោចំពោះរាល់សមិទ្ធផលទាំងឡាយ ដែលកម្ពុជាមាន ជាពិសេសស្ថេរភាពលើវិស័យសេដ្ឋកិច្ច និងនយោបាយ ទាំងក្នុងប្រទេសនិងលើឆាកអន្តរជាតិតែម្តង។
សម្តេចតេជោ បានបញ្ជាក់ថា រាល់សមិទ្ធផលទាំងនេះមិនអាចកាត់ផ្ដាច់បាន ពីជំនួយរបស់វៀតណាមជួយដល់កម្ពុជានោះទេ ជាពិសេស ជំនួយក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ឆ្នាំ1979 កន្លងមកតែម្តង៕