ភ្នំពេញ ៖ ក្នុងពេលយាងសួរសុខទុក្ខសមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋប្រមាណជា៧០០នាក់ នៅទីស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែមេសានេះ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានមានបន្ទូលស្វាគមន៍ចំពោះការបង្កើតគណបក្សឆន្ទះខ្មែរ របស់លោកគង់ មុនីកា ដែលជាកូនប្រុសពៅរបស់លោកគង់ គាំ អតីតមន្ដ្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ។
សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានមានបន្ទូលស្វាគមន៍ចំពោះការបង្កើតគណបក្សឆន្ទះខ្មែរ របស់លោកគង់ មុនីកា ដែលជាកូនប្រុសពៅរបស់លោកគង់ គាំ អតីតមន្ដ្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ។ បន្ទូលស្វាគមន៍របស់សម្ដេចក្រុមព្រះនរោត្ដម រណឬទ្ធិ ដូច្នេះ បានធ្វើឡើងក្នុងពេលព្រះអង្គ និងអ្នកម្នាងយាង និងអញ្ជើញចុះសួរសុខទុកសមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋប្រមាណជា៧០០នាក់ នៅទីស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ។
សម្ដេចក្រុមព្រះ បានមានបន្ទូលក្នុងពិធីនេះ ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នឹងចាប់ផ្ដើមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចនាំគ្នាទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ជាពិសេសត្រូវបោះឆ្នោតជូនគណបក្សនយោបាយណា ដែលគិតគូសុខទុក្ខរបស់បងប្អូនពិតប្រាកដ។ ចំណែកថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សហ្វ៊ុនស៊ិនប៉ិចទាំងអស់ត្រូវបន្តចុះជួបប្រជាពលរដ្ឋដើម្បីយកចិត្ដពួកគាត់ ហើយបើពួកគាត់មានបញ្ហាអ្វីដែលឲ្យជួយ យើងត្រូវជួយតាមលទ្ធភាព ដែលអាចធ្វើទៅបាន។
ក្នុងនោះដែរសម្ដេចក្រុមព្រះ នៅតែមានជំនឿថា គណបក្សរបស់ព្រះអង្គនឹងទទួលបានអាសនៈច្រើន ក្នុងការបោះឆ្នោតថ្នាក់ជាតិនាខែកក្ដដាខាងមុខនេះ។
ទាក់ទងនឹងការបង្កើតគណបក្សថ្មីពីសំណាក់កូនប្រុសពៅរបស់លោកគង់ គាំ គឺលោកគង់ មុនីកា សម្ដេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានបន្ទូលប្រាប់អ្នកសារព័ត៌មាន ថា ការបង្កើតគណបក្សជាសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋម្នាក់ៗ ប៉ុន្ដែមិនត្រូវបង្កើតឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍បក្សពួកនោះទេ គឺត្រូវគិតគូផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។
សូមជម្រាប ថា លោកគង់ មុនីកា កូនប្រុសពៅរបស់លោកគង់ គាំ កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានបង្កើតគណបក្សឆន្ទៈខ្មែរ ដែលផ្ដើមចេញពីក្រុមស្ថាបនិកចំនួន៧រូប ទាំងសមាភាពអ្នកចូលរួមបង្កើតចំនួន៨០រូប និងការទទួលការចូលរួមពីមជ្ឈដ្ឋាននានាយ៉ាងសកម្ម។ លោកគង់ មុនីកា បានថ្លែង ថា ការបង្កើតគណបក្សនេះឡើង បន្ទាប់ពីលោកមើលឃើញ ថា គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលចេញសាលដីការំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មិនអាចដំណើរឡើងវិញនោះ៕