កំពង់ធំ ៖ បច្ចុប្បន្ន ដែនព្រៃអង់តែន ដែលជាព្រៃសម្រាប់រង្វាស់ទឹកវាលទំនាបអាស៊ីមូសុង ទន្លេមេគង្គ នៃប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន នោះ ត្រូវបានទទួលរងការ កាប់បំផ្លាញ កាន់តែរីករាលដាល ដែលសាធារណជនប៉ាន់ប្រមាណថា បើនៅតែបែបនេះ គឺយ៉ាង យូរ២ឆ្នាំទៀត នឹងខ្ទេចគ្មានសល់ ជាពិសេសដើមឈើធំៗ។
ខាងក្នុងដែនព្រៃអង់តែននេះ នៅកន្លែងខ្លះ ត្រូវបានកាប់រុករានយកដីថ្មីៗ ចំណែកកន្លែង ចាស់ខ្លះទៀត ត្រូវបានកាប់ពង្រីក ហើយដុតបំផ្លាញ ឯដើមឈើធំៗដែលពុំសូវមានតម្លៃ នៅជាប់ នឹងផ្លូវ ដែលពីមុននៅសេសសល់១ដើមៗនោះ ឥឡូវគឺបង្ហើយអស់ហើយ ចំណែកឯសមត្ថកិច្ច បរិស្ថាន និងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ដែលដែនសមត្ថកិច្ចនៅទីនោះ នៅតែកុហសមេៗថា ការ ចុះផ្សាយ របស់អ្នកសារព័ត៌មាន គ្មានការពិត។
កន្លងមក សមត្ថកិច្ចរាជអាវុធហត្ថ ស្រុកសន្ទុក ក៏បានបង្ក្រាបឈើហ៊ុប ជ្រុង ហ៊ុបមូល ជា បន្តបន្ទាប់ ដែលជនទុច្ចរិតដឹកជញ្ជូនមកលាក់ទុក នៅមូលដ្ឋានឃុំកំពង់ថ្ម ក្នុងភូមិស្នោខ្លី ហើយ សមត្ថកិច្ចនេះ ក៏ទទួលស្គាល់ថា បទល្មើសនេះ គឺដឹកចេញពីព្រៃអង់តែន ដោយឡែកទីតាំង អារ ច្រៀក ឈើខុសច្បាប់ នៅភូមិទួលដំណាក់ ឃុំចុងដូង និងភូមិកំពុងស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ក៏ជនប្រព្រឹត្តទាំងនោះ បានប្រាប់ថា គឺដឹក ចេញពីព្រៃអង់តែន និងដឹកចេញពីឃុំសុខចិត្រ និង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ដែលបង្ហូរចេញពីដែនព្រៃឡង់។
បើយោងតាមប្រភព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដែនព្រៃអង់តែន គឺការពារ ដោយ សមត្ថកិច្ចបរិស្ថាន និងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ប៉ុន្តែការកាប់ព្រៃពង្រីកយកដី និងអារកាប់ ដើម ឈើធំៗ គឺកើតមានជាងមុន ក្រោមសកម្មភាពប្រព័ន្ធការពារ គគ្រឹកគគ្រេង បង្អួតប្រជាពលរដ្ឋ ។
ប្រភពព័ត៌មាននេះ បានបញ្ចាក់ថា លោកមន្ត្រីបរិស្ថានឈ្មោះ ចិត ជាមេប្រចាំនៅចំណុច៤៤ នោះ គឺប្រមូលលុយមិនតិចទេ ដោយឲ្យឈ្មោះ យត នៅភូមិតាម៉ិញ ដែលអះអាងថា ខ្លូនជាមន្ត្រី យោធាស្រុកសន្ទុកនៅជាមួយសមត្ថកិច្ចបរិស្ថាននោះជាអ្នកចេញមុខយកលុយ និងក៏ជាអ្នកកាង បទល្មើសព្រៃឈើ នៅទីនោះដែរ ដោយ១គោយន្តកន្ត្រៃ គឺយក១៣ម៉ឺនរៀល ចំណែកប្រជាពលរដ្ឋ ដឹកឈើបង្គោលគ្រាក់តិចតួច គឺចាប់ខ្ទេចគ្មានសល់ បើគ្មានឲ្យលុយពួកគេនោះ ជាមួយគ្នានេះ ក៏ មានអ្នករត់ការបទល្មើសព្រៃឈើ ដឹកតាម រទេះគោ ក្របី និង គោយន្តកន្ត្រៃផងដែរ គឺជាលោកដឺបេ ម្នាក់។
ទាក់ទិនព័ត៌មានខាងលើនេះ មន្ត្រីជំនាញ ដែលមានដែនសមត្ថកិច្ចនៅទីនោះ បានត្រឹមឆ្លើយ ថា អត់ដឹង ហើយការចេញផ្សាយរបស់អ្នកសារព័ត៌មាន មិនមានដាក់ចំណុច ច្បាស់លាស់។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ក្រុមអ្នកសារព័ត៌មានបានចុះទៅដល់ដែនព្រៃអង់តែន ដោយមានការនាំបង្ហាញ ពីប្រជាពលរដ្ឋផងនោះ បានឲ្យដឹងថា ចំណុចដែលរងការកាប់បំផ្លញថ្មីៗ មានភ្នក់ភ្លើងនៅហុយៗនៅឡើយ មានចំណុច៤៤ ខាងក្រោយផ្ទះសំណាក់ឯកឧត្ដម ងួន ញ៉ិល ប្រមាណ២០០ម៉ែត្រ ,ម្ដុំដងអង់តែន និងចំណុចអូរដៃជ្រៃ ហើយមានគំនរឈើប្រភេទ មានតម្លៃ (ដួងចែម) នៅតាមផ្លូវក្នុងព្រៃអង់តែន មួយចំនួនផងដែរ៕