ជប៉ុន ៖ ក្នុងរយៈពេលនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ឯ.ឧ.បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវ បានអនុញ្ញាតជួបសម្តែងការគួរសម និបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយថ្នាក់ ដឹកនាំកំពូលៗ របស់ជប៉ុន ក្នុងនោះក៏មាន លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ផងដែរ។
នៅវេលាម៉ោង ១១:៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-កម្ពុជា (J-Cambodia Parliamentary Friendship Group) ដែលដឹកនាំដោយឯកឧត្តម ម៉ាសាហ៉ីរុ អ៉ីម៉ាមុរ៉ា (Masahiro Imamura ) ។
ក្នុងកិច្ចសំណេះសំណាលនេះភាគីទាំងពីរបានវាយតម្លៃរួមគ្នាថា កិច្ចសហប្រតិបត្តិការរវាង ជប៉ុន-កម្ពុជា កំពុងត្រូវបានពង្រីកឥតឈប់ឈរលើគ្រប់វិស័យ ជាក់ស្តែងយើងថាបច្ចប្បន្ននេះ ប្រទេសទាំងពីរត្រូវបានតភ្ជាប់ដោយការហោះហើរត្រង់ពីទីក្រុងតូក្យូទៅទីក្រុងភ្នំពេញជារៀងរាល់ថ្ងៃ ។ ការកើនឡើងនៃទំនាក់ទំនងនេះ បានផ្តល់នូវផលប្រយោជន៏រវាងប្រទេសទាំងពីរ ប្រជាជនទាំង ពីរ ជាពិសេសការវិនិយោគលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ។
បន្ទាប់ពីបានជូបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីការពារជាតិជប៉ុន នារសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ ក្នុងថ្ងៃដដែលនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តជួបពិភាក្សា ការងារជាមួយឯកឧត្តមឧត្តមនាវី កាតស៊ូតូស៊ី កាវ៉ាណូ (Katsutoshi Kawano) នាយសេនាធិការ ចម្រុះ នៃកងស្វ័យការពារជប៉ុន ឯកឧត្តមឧត្តម សេនីយ៌ កុហ្ស៊ី យ៉ាម៉ាសាគី (Koji Yamasaki) នាយសេនាធិការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន ក្នុងជំនួបពីរដាច់ដោយឡែកពីគ្នា ។ ក្នុងជំនួបនេះភាគីទាំងពីរបានចែករំលែកបទពិសោធន៏គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងវិស័យការពារជាតិ ជាពិសេសសកម្មភាពចូលរួមប្រតិបត្តការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និង ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធារវាងប្រទេសទាំងពីរផងដែរ៕