កម្ពុជា​ឈាន​ចេញពី​ប្រទេស​ពឹង​លើ​កសិកម្ម ទៅ​ពឹង​លើ​ឧស្សាហកម្ម និង​សេវាកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2018 ក+ ក-

ម​

​ភ្នំពេញ ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើក ឡើង​ថា កម្ពុជា​កំពុង​ផ្លាស់ប្តូរ ពី​ប្រទេស​ពឹង​លើ​កសិកម្ម ទៅជា​ប្រទេស ពឹង​លើ ឧស្សាហកម្ម និង​សេវាកម្ម ក្នុងនោះ​វិស័យ​ឯកជន ដើរតួនាទី​សំខាន់ សម្រាប់​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​

​ថ្លែង​នៅក្នុង​នៅ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ ២០១៨ របស់​សភាពាណិជ្ជកម្ម​កម្ពុជា នា​រសៀល​ថ្ងៃ ទី​៣០ ខែមេសា​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា លោក ប៉ាន សូ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ន កម្ពុជា​កំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ សេដ្ឋកិច្ច ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម និង​បាន​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ និង​វិនិយោគិន​អន្តរជាតិ​ធំៗ នៅលើ​ពិភពលោក ។

​លោក​បន្តថា លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស ឬ​ហៅថា FDI មក​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ មាន​លក្ខណៈ​ថេរ ពោលគឺ​មានតម្លៃ​ចន្លោះ​ពី ១​ពាន់​៧​រយ​លាន​ដុល្លារ​អាមេរិក​ទៅ​២​ពាន់​លាន​ដុល្លារ​អាមេរិក ។ កំណើន​នៃ​លំហូរ​វិនិយោគ​ទាំងអស់នេះ បាន​បង្កើន​នូវ​ឱកាស​ការងារ​យ៉ាងច្រើន ជាមួយ​ប្រាក់ចំណូល​កាន់តែ​ខ្ពស់ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។
​លោក​បន្ថែមថា ប្រទេស​កម្ពុ​ជាមាន​ផែនការ និង​កម្មវិធី​កាត់បន្ថយ​ការចំណាយ​ថ្លៃដើម ដែល​មិនចាំបាច់​ជាច្រើន លើ​ការវិនិយោគ​នៅពេល​អនាគត ។​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាននិងកំពុង​កសាង​ហេ​ដ្ឋា​សម្ព័ន្ធ​ថ្មីៗ ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន និង​ធ្វើអោយ​ប្រសើរឡើង​នូវ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ។ សេវា​ចំណាយ​ខ្ពស​លើ​ផែ​ទន្លេ និង​សមុទ្រ​ទឹក​ជ្រៅ ព្រមទាំង​បណ្ដាញ​គមនាគមន៍​ខ្វែងខ្វាត់​ទូទាំងប្រទេស ដែល​ផ្ដល់​លទ្ធភាព​ជាច្រើន​ដល់​ពាណិជ្ជករ​ក្នុងស្រុក និង​វិនិយោគិន​អន្តរជាតិ ។

​អ្នកឧកញ៉ា គិត​ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បានលើកឡើង​ផងដែរ​ថា សភាពាណិជ្ជកម្ម​កម្ពុជា កំពុង​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​សមាគម​ធុរកិច្ច​ជាតិ និង​អន្តរជាតិ និង​ស្ថានទូត​បរទេស​នៅ​កម្ពុជា និង​បានរៀបចំ​ជំនួប​ពាណិជ្ជកម្ម​ជាច្រើនលើក ជាមួយ​វិនិយោគិន​បរទេស ដូចជា​ជប៉ុន ចិន​កូរ៉េ រុស្ស៊ី ថៃ ម៉ាឡេស៊ី សឹង្ហ​បុរី ជាដើម ។

​អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ សភាពាណិជ្ជកម្ម​កម្ពុជា កំពុង​បន្ត​ភារកិច្ច​ស្នូល​របស់ខ្លួន​តំណាងអោយ​ផលប្រយោជន៍​វិស័យ​ឯកជន និង​ចូលរួម​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៧​កន្លងទៅ សភាពាណិជ្ជកម្ម​បាន​ដោះស្រាយ​បញ្ហា​ចំនួន ១៩៤ ជូន​វិស័យ​ឯកជន​ក្នុងស្រុក ខណៈ​វិស័យនេះ បាន​តួនាទី​សំខាន់​សម្រាប់​ចរន្ត​សេដ្ឋកិច្ចជាតិ ៕​