ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រកាសតែងតាំងមន្ត្រីសង្ឃសង្កាត់ទាំង៥ ក្នុងខណ្ឌសែនសុខ នារសៀល ថ្ងៃទី១ ខែឧសភា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ លោក ផន ដាវី បានស្នើ អោយមានចំណាត់ការតាមផ្លូវច្បាប់ និងមានប្រសិទ្ធភាព ចំពោះក្រុមជនទាំងឡាយណាដែលដើររៃអង្គាសប្រាក់ដោយគ្មានការអនុញ្ញាត ដើម្បីជាការការពារដល់តម្លៃនៃព្រះពុទ្ធសាសនានៅកម្ពុជា។
លោកថា ៖ មន្ត្រីសង្ឃសង្កាត់ទាំង៥ ក្នុងខណ្ឌសែនសុខ ដែលបានប្រកាសតែងតាំងជា ផ្លូវការនាពេលនេះមានសារៈសំខាន់ណាស់ក្នុងការជួយកិច្ចការព្រះពុទ្ធសាសនានៅក្នុងសង្កាត់ របស់ខ្លួន ក្នុងនោះត្រូវជួយទប់ស្កាត់រាល់សកម្មភាពដែលនាំអោយប៉ះពាល់ដល់តម្លៃព្រះពុទ្ធ សាសនាមាន ការដើររៃអង្គាសនៅតាមទីសាធារណៈជាដើម ដោយលោកបានចាត់ទុកក្រុម ជនដើររៃអង្គាសគ្មានការអនុញ្ញាតថា ជាអ្នកប្រព្រឹត្តខុសច្បាប់ និងនាំអោយស្រអាប់ដល់តម្លៃ នៃព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ក្រុមជនទាំងនេះត្រូវតែមានវិធានការណ៍ខាងផ្លូវច្បាប់ ជាចាំបាច់ ក្នុងនោះមន្ត្រីសង្ឃសង្កាត់ត្រូវសហការជាមួយអាជ្ញាមូលដ្ឋាន នាំខ្លួនពួកគេមក សាកសួរ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់ការដើររៃអង្គាសតទៅទៀត ហើយបើ មិនធ្វើតាមកិច្ចសន្យាទេនោះ នៅពេលដែលចាប់បានម្តងទៀត គឺត្រូវតែទទួលទោសទណ្ឌ ជាធរមាននិងមិនអាចអត់ឱនអោយម្តងទៀតបានឡើយ។
ជាការឆ្លើយតប សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន សមាជិកថេរសភានៃព្រះពុទ្ធ សាសនានៅកម្ពុជា និងជាព្រះអនុគណខណ្ឌសែនសុខបានគាំទ្រចំពោះការលើកឡើងរបស់ ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញបែបនេះ និងបានបញ្ជាក់ថា មន្ត្រីសង្ឃសង្កាត់ ទាំង៥ ក្នុងខណ្ឌសែនសុខ ដែលបានតែងតាំងនៅថ្ងៃនេះរួមមាន សង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ទឹកថ្លា សង្កាត់ឃ្មួញ និងសង្កាត់ក្រាំងធ្នង់ ត្រូវបំពេញករណីយកិច្ចរបស់ខ្លួន អោយទទួលបានជោគជ័យ ក្នុងនោះក៏មានការទប់ស្កាត់ការដើររៃអង្គាសដោគ្មានការអនុញ្ញាត ផដែរ៕
(បុរស ស្ត្រី វ័យចាស់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនអប់រំ ពេលដើររៃអង្គាសតាមទីសាធារណៈ នាពេលកន្លងមក)