កំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលចំថ្ងៃ១៥កើតពេញបូណ៌មី ខែពិសាខ (ចំថ្ងៃបុណ្យ វិសាខបូជា)ផងនោះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីពុទ្ឋបរិស័ទ្ធ បានឃើញវត្តមានរបស់អតីតចៅអធិការវត្តវិបស្សនាជ្រោះព្រះគន្លោងមួយអង្គ(ព្រះនាម សូរ រិទ្ធី) ដែលត្រូវបានសមត្ថកិច្ចខេត្តកណ្តាល និងខាងធម្មការចាប់ផ្សឹករឿងដេកជាមួយស្រីរោងចក្រនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិពោធិឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនោះ។
វត្តមានរបស់បុគ្គលរូបនេះ បង្កអោយកើតមានចំងល់ជាច្រើន ពាក់ព័ន្ឋវត្តមានរបស់លោក ដែលត្រួវខាងអនុគុណស្រុក ចាប់ផ្សឹកតាមវិន័យព្រះពុទ្ឋសាសនា នៃអប្បដិ បរាជិកនោះ ពេលនេះ បានមកគ្រងតំណែងជាចៅអធិការវត្តដូចដើមវិញហើយ ថែមទាំងធ្វើហោរទស្សន៍ទាយនិងស្រោចទឹកអោយពុទ្ធបរិស័ទថែមទៀតផង។
ដោយចង់ដឹងរឿងនេះអោយបានច្បាស់ថាតើអ្នកណាជាអ្នកអនុញាតអោយលោកបួសជាសង្ឃជាថ្មីនេះ អ្នកយកពត៌មានបានព្យាមសុំជួបព្រះតេគុណ សូរ រិទ្ឋី ដើម្បីបកស្រាយដែរ តែលោកបានបដិសេធមិនអោយជួប ហើយថែមទាំងរត់ឡើងឡានឡង់គ្រីស័រមួយគ្រឿង ពណ៌ស្លែចាស់ ពាក់ស្លាកលេខភ្នំពេញ 2J 1346 ជិះគេចចេញពីវត្តបាត់ទៅ ដែលឡាននោះ ត្រូវបានដឹងថា ជាឡានរបស់លោកផ្កាយ២ និងលោកជំទាវមួយរូប ដែលជាអ្នកជួយជ្រោមជ្រែងអោយលោកបានបួសហើយគ្រងតំណែងចៅអធិការដូចដើមវិញ។
មានការលើកឡើងថា”ជាធម្មតាទោសនៃអប្បដិ បរាជិកតាមធម៌វិន័យ គឺមិនអនុញាតអោយសាងផ្នួសម្តងទៀតបានឡើយ ចុះហេតុអ្វីបានជាបុគ្គលរូបនេះ អាចបួសបានហើយគ្រងតំណែងជាចៅអធិការដូចមុនដដែលបានទៀតទៅវិញ?
តើលោកប្រធានការិយាល័យធម្មការស្រុក និងលោកប្រធានមន្ទីរធម្មការខេត្ត បានដឹងរឿងនេះដែរឬទេ? ឬមួយដឹងដែរតែធ្វើមិនដឹង?”
មានការលើកឡើងទៀតថា តើនៅខេត្តកំពង់ស្ពឺ ខ្វះព្រះសង្ឃបរិសុទ្ឋ និងមានចំណេះក្នុងការដឹកនាំកសាងវត្តមែនទេ ទើបបានជាបណ្តោយអោយបុគ្គលដែលមានទោស ដែលជាទោស១ក្នុងចំណោមទោសទាំង៧របស់ភិក្ខុសង្ឃត្រឡប់មកក្នុងសមណៈភេទហើយគ្រងតំណែងជាចៅអធិការបែបនេះទៅកើត?”
ពុទ្ឋបរិស័ទចំណុះជើងវត្តបានលើឡើងថា រាល់ថ្ងៃឃើញតែអ្នកមកពីចំងាយមករកលោកចំណែកអ្នកនៅក្បែរវត្តមិនសូវចេញចូលនោះទេ សព្វថ្ងៃនេះនៅក្នុងវត្តមានលោកនេន៣អង្គ និងអ្នកបួសឈ្មោះ សូរ រិទ្ឋី នេះម្នាក់ផង។ ក្នុងនោះផងដែរ គេតែងសង្កេតឃើញរថយន្តឡង់គ្រីស័រមួយគ្រឿង ដែលតែងតែចេញចូលយប់ព្រលប់ទៅមករកបុគ្គលខាងលើតែមិនមានអ្នកណាអាចដឹងទេថា រាល់យប់ នៅពេលដែលឡានឡង់គ្រីស័រនោះចេញពីវត្ត តើបុគ្គលសូរ រិទ្ឋី នោះ ទៅជាមួយ ឬយ៉ាងណានោះទេ។
ពាក់ព័ន្ឋករណីនេះដែល ព្រះអនុគណស្រុកសំរោងទង ព្រះនាម លាង ប៊ុនហាក់ បានមានថេរដីកាថា ព្រះអង្គមិនបានដឹងថា សង្ឃអង្គនោះ(សូរ រិទ្ធី) បួសនៅឯណានោះទេ “ករណីបុគ្គល សូរ រិទ្ឋី លួចបួសនៅឯណាក៏គ្មានអ្នកដឹងដែរ បន្ទាប់ពីផ្សឹកបុគ្គល សូរ រិទ្ធី នោះរួចមក ខាងអនុគណ និងមន្ទីរធម្មការខេត្ត បានជ្រើសព្រះសង្ឃអង្គថ្មីមកធ្វើជាចៅអធិការរួចហើយ “ប៉ុន្តែលោកបានលាចាកសិក្ខាបទមុនចូលឆ្នាំខ្មែរទៅវិញហើយ។ព្រះអង្គ លាង ប៊ុនហាក់ អនុគណស្រុក បានបន្តថា បើដូច្នេះមែនបុគ្គល សូរ រិទ្ធី ធ្វើទង្វើបែបនេះខុសវិន័យសង្ឃធ្ងន់ធ្ងរណាស់។
ពាក់ពន្ធ័និងការលេចមុខលោកសង្ឃក្លែងក្លាយ សូរ រិទ្ធី អតីតចៅអធិការវត្តវិបស្សនា ជ្រោះព្រះកន្លោង មានវត្តមាននៅក្នុងវត្តនេះដែល លោក សម សោភាន់ ប្រធានមន្ទីរធម្មការខេត្តកំពង់ស្ពឺ មិនបានដឹងរឿងនេះឡើយ ដោយលោកថា និងដាក់កម្លាំងតាមដានឃ្លាំមើលបុគ្គល សូរ រិទ្ធី នេះដែលធ្វើទង្វើផ្តេសផ្តាស ធ្វើអោយប៉ះពាល់សាសនាព្រះពុទ្ធខ្លាំងណាស់។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ តាមពត៌មានពីព្រះគ្រូអនុគណស្រុកអង្គស្នួល បានផ្តល់អោយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ថា ព្រះគ្រូចៅអធិការវត្តវិបស្សនា ជ្រោះព្រះគន្លោង ព្រះនាម សូ រឹទ្ឋី ស្ថិតក្នុងឃុំក្រាំងអំពិល មានករណីដេកជាមួយស្រី ហើយបែករឿងដល់ប៉ូលីស ត្រូវបានឃាត់យកទៅកាន់សាលាអនុគណដើម្បីសួរនាំ។
នៅចំពោះមុខអនុគុណស្រុកអង្គស្នួល ព្រះអង្គសូ រឹទ្ឋី ប្រាប់មន្ត្រីសង្ឃអស់ហើយចំពោះទង្វើប្រសចាកវិន័យរបស់ខ្លួន ហើយអីឡូវនេះ ព្រះគ្រូអនុគណស្រុកសំរោងទង ក៏បានទៅដោះស្រាយនៅវត្តអនុគណស្រុកអង្គស្នួលភ្លាមៗផងដែរ។ រឿងនេះ លោកធ្វើច្រើនដងមកហើយ ទើបតែលើកនេះត្រូវបែកការណ៍ត្រូវចាប់ផ្សឹកតែម្តង។
មានការបង្ហើបថា លោក សូរ រិទ្ឋី បានប្រើប្រាស់លុយជាច្រើនដល់សមត្ថកិច្ចស្រុកអង្គស្នួល ដើម្បីអោយជួយបិតបាំងរឿងអាស្រូវរបស់ខ្លួន ងាយស្រួលក្នុងការលើកស្បង់ចីពរគ្រងជាសង្ឃជាថ្មី៕