ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលា ស្តីពី ការត្រួតពិនិត្យ ការអនុវត្ត អនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី២ នៅកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍នានាជុំវិញដំណើរការនេះ។
ថ្លែងនៅក្នុងពិធីនោះ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា សិក្ខាសាលានេះប្រារពធ្វើឡើងក្នុងគោលបំណង៣សំខាន់ៗគឺ ផ្តល់ដល់់ភាគីពាក់ព័ន្ធ នូវចំណេះដឹងពីអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ និងយន្តការ នៃការត្រួតពិនិត្យ ។ ផ្តល់ដល់ សិក្ខាកាម នូវព័ត៌មាន អំពី លទ្ធផល នៃការត្រួតពិនិត្យ អនុសញ្ញា អង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយជុំទី១នៅកម្ពុជា និង វឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព ស្របតាមអនុសាសន៍ ដែលបានដាក់ចេញដោយភាគីត្រួតពិនិត្យ។ មួយវិញទៀត គឺ ផ្តល់វេទិកា ដល់ភាគីពាក់ព័ន្ធ ចូលរួមផ្តល់ធាតុចូលដើម្បីរៀបចំរបាយការណ៍ ស្វ័យតម្លៃ ត្រៀមទទួលការត្រួតពិនិត្យការអនុវត្តជុំទី២។
លោកប្រធានក្រុមប្រឹក្សាជាតិបានបញ្ជាក់ថា“ការត្រួតពិនិត្យ ការអនុវត្ត UNCACជុំទី២នឹងផ្តោតលើ វិធានការបង្ការ ទប់ស្កាត់ អំពើពុករលួយ និងការរឹបអូសផល នៃបទល្មើស។ ហើយការត្រួតពិនិត្យនឹងផ្អែកលើរបាយការណ៍ ស្វ័យវាយតម្លៃ ដែលកម្ពុជា រៀបចំតាមរយៈការឆ្លើយតបទៅ នឹងបញ្ជីសំណួរដែលផ្តល់ដោយអង្គការសហប្រជាជាតិ។ កម្ពុជា ដែលមានអង្គភាពប្រឆាំងអំពើពុករលួយ ជាស្ថាប័នបង្គោលសម្របសម្រួលលើការងារត្រួតពិនិត្យនេះ បានបើកទូលាយ ដល់គ្រប់ភាគីពាក់ព័ន្ធឲ្យចូលរួម និងធ្វើជាម្ចាស់ ក្នុងដំណើការ ចាប់ពីពេលត្រៀមចេញដំណើរ រហូតដល់ដំណាក់កាលចុងក្រោយ នៃការត្រួតពិនិត្យ ជាពិសេ ក្នុងដំណាក់កាល នៃការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃ ដើម្បីគ្រប់ភាគីពាក់ព័ន្ធទាំង វិស័យសាធារណៈ វិស័យឯកជន ផ្នែកសិក្សាធិការ ផ្នែកសារព័ត៌មាន និងសង្គមស៊ីវល អាចផ្តល់ធាតុចូល លើការងារ ដែលខ្លួនបានអនុវត្តន៍ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជាកាន់តែគ្រប់ជ្រុងជ្រោយតាមការតម្រូវរបស់ UNCAC”។
លោក បន្ថែមថា ក្នុងដំណើរការត្រួតពិនិត្យការអនុវត្ត UNCAC រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោជាប្រមុខបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង និងរៀបចំប្រកបដោយតម្លាភាពនិងភាពគ្រប់ជ្រុងជ្រោយ ដោយទទួលបានការកោតសរសើរ និងត្រូវបានអង្គការសហប្រជាជាតិ កំណត់ជាគំរូនៃការរៀបចំដ៏ល្អ ដោយកម្ពុជា បានបើកទូលាយឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងដំណើរការ នៃការត្រួតពិនិត្យនេះ។
សូមបញ្ជាក់ថា UNCAC ជាលិខិតតូបករណ៍អន្តរជាតិដែលមានលក្ខណៈសកល និងមានលក្ខណៈចង កាតព្វកិច្ចតម្រូវឲ្យប្រទេសរដ្ឋភាគីទទួលការត្រួតពិនិត្យការអនុវត្តអនុសញ្ញាលើទិដ្ឋភាពច្បាប់ និងយន្តការនៃការអនុវត្តនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ៕