ភ្នំពេញ៖ប្រទេសវៀតណាមបានឲ្យដឹងថា ខ្លួននឹងធ្វើការផ្លាស់ប្ដូរអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាបច្ចុប្បន្ន តាមរយៈការធ្វើកំណត់ទូតមកកាន់ក្រសួងការបរទេសកម្ពុជា។
តាមទីភ្នាក់ងារ AKP កម្ពុជាបានរាយការណ៍ថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ អនុរដ្ឋមន្ដ្រីការបរទេសវៀតណាមលោក Pham Quang Vinh បានជួបជាមួយនឹងលោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសកម្ពុជានៅភ្នំពេញដើម្បីពិភាក្សាអំពីកិច្ចការ សហប្រតិបត្ដិការនៃប្រទេសទាំងពីរក្នុងនោះវៀតណាម និងកម្ពុជាចង់ពង្រឹងទំហំទំនាក់ទំនងពាណិជ្ជកម្មឲ្យកើនដល់៥ពាន់លាន ដុល្លារផងដែរនៅឆ្នាំ២០១៥ខាងមុខ។ក្នុងជំនួបនេះត្រូវគេគិតថា លោក Pham Quang Vinh ក៏បានកំណត់ទូតមកកាន់ក្រសួងការបរទេសកម្ពុជាស្តីពីការផ្លាស់ប្តូរអ្នកនាំពាក្យនោះផងដែរ។
គួររំលឹកថា ការផ្លាស់ប្ដូរមន្ដ្រីអ្នកនាំពាក្យស្ថានទូតវៀតណាមនៅកម្ពុជានេះបានធ្វើឡើងក្រោយពីមានភាពចម្រូងចម្រាសខ្លាំងជុំវិញការអត្ថា ធិប្បាយរបស់អ្នកនាំពាក្យវៀតណាមលោក Trang Van Thong ដែលបានលើកឡើងថា ទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីយូរលង់ណាស់មកហើយ។បញ្ហានេះបានធ្វើឲ្យខ្មែរអ្នកស្នេហាជាតិមានការខឹងសម្បាយ៉ាង ខ្លាំង រហូតដល់មានការធ្វើឲ្យខ្មែរក្នុង និងក្រៅស្រុកធ្វើបាតុកម្មតវ៉ាទាមទារឲ្យអ្នកនាំពាក្យនេះសុំទោស ខ្មែរ។ ការខឹងក្រោធនេះក៏បានធ្វើឲ្យខ្មែរខ្លះដុតទង់ជាតិវៀតណាមនៅមុខ ស្ថានទូតវៀតណាមក្នុងប្រទេសកម្ពុជាផង។ ប៉ុន្ដែមកទល់ពេលនេះ មិនទាន់ឃើញមានការសុំទោសណាមួយពីសំណាក់លោក Trang Van Thong ឡើយ។
AKP ក៏បានរាយការណ៍ដែរថា នៅក្នុងការពិគ្រោះយោបល់នេះ ភាគីវៀតណាមក៏បានសន្យាអំពីការកសាងផ្សារជាប់ព្រំដែនក្នុងខេត្ត ត្បូងឃ្មុំឲ្យបានឆាប់ ក៏ដូចជាការសាងសង់កំណាត់ផ្លូវជាតិលេខ៧៨ ដែលមានប្រវែង៤៥០គីឡូម៉ែត្រពីព្រំដែន។
កន្លងមក ថ្នាក់ដឹកនាំកិច្ចការបរទេសនៃប្រទេសទាំងពីរក៏បានជំរុញឲ្យគណៈ កម្មការព្រំដែនបង្កើនល្បឿនការបោះបង្គោលព្រំដែនឲ្យបានឆាប់ចប់ ចុងចប់ដើមក្នុងគោលបំណងដើម្បីធ្វើឲ្យតំបន់ព្រំដែនមានសន្តិភាព និងកិច្ចសហប្រតិបត្តិការរួមសម្រាប់ការអភិវឌ្ឍប្រទេស៕