ភ្នំពេញ ៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជម្រុញគោលនយោបាយទាក់ទាញការវិនិយោគពីបរទេស ដើម្បីបង្កើតការងារបន្ថែមក្នុងប្រទេសកម្ពុជា ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងមេសាកន្លងមក បង្ហាញថា មានក្រុមហ៊ុនវិនិយោគបរទេសថ្មីចំនួន៩ ដែលជាគម្រោងរោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង បានទទួលការអនុម័តពីរាជរដ្ឋាភិបាលអោយបើកដំណើរការនៅកម្ពុជា ដែលនឹងបង្កើតការងារថ្មី ប្រមាណ១ម៉ឺនកន្លែង សម្រាប់ពលរដ្ឋកម្ពុជា ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញរបាយការណ៌មួយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្នុងខែមេសា ឆ្នាំ២០១៨ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនវិនិយោគបរទេសចំនួន ៩ ក្រុមហ៊ុន ដែលមានទុនវិនិយោគសរុបជាង ៣១ លានដុល្លារអាមរិក។ ដែលគម្រោងវិនិយោគភាគច្រើន ជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដោយនៅក្នុងគម្រោងវិនិយោគទាំងអស់នេះបានអះអាងពីការផ្តល់ការងារសរុបចំនួនជាង ១ ម៉ឺននាក់។ ការអនុម័តលើគម្រោងវិនិយោគថ្មីចំនួន៩នេះ គឺធ្វើឡើងតាមសំណើសុំ របស់ក្រុមហ៊ុនតាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនោះរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ៥ មានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងរោងចក្រផលិតកាបូប និងសម្លៀកបំពាក់ចំនួន៤ ផ្សេងទៀត មានទីតាំងស្ថិតក្នុងខេត្តកណ្តាល តាកែវ និងកំពង់ស្ពឺ។
គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ គិតត្រឹមចុងឆ្នាំ២០១៧ មានក្រុមហ៊ុនបរទេសសរុបចំនួន២១៥២ក្រុមហ៊ុន កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនេះតាមរបាយការណ៍របស់ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទិ្ធលើគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស សរុបមានតម្លៃជាទឹកប្រាក់ ៦ពាន់៣០០ លានដុល្លារអាមេរិក។ ចំណែកទិន្នន័យ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម គិតត្រឹមដំណាច់ឆ្នាំ២០១៧ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង កាបូប មានចំនួនសរុប ១០៣១រោងចក្រ ដែលមានចំនួនកម្លាំងពលកម្មបំរើការសរុបជាង ៨៤ម៉ឺន ៧ពាន់នាក់៕