ភ្នំពេញ ៖ កម្ពុជាបញ្ជូនកងកម្លាំងនៃកងវិស្វកម្មព្រលានយន្តហោះលេខ ១៩៨ ចំនួន១៦៥នាក់ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ១៣២ ចំនួន ១៤៤នាក់ និងកងអាវុធហត្ថលេខ ៦៨១ ចំនួន ១១៩នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង។
នៅក្នុងពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជា នាថ្ងៃទី៣ ខែឧសភានេះ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ លោកនាយសេនីយ៍ សែម សុវណ្ណនី បញ្ជាក់អំពីការបំពេញភារកិច្ចរបស់កងទាំង៣ និងការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការងារត្រៀមរៀបចំគ្រប់ផ្នែកទាំងឧបករណ៍ សម្ភារៈ មធ្យោបាយ ការហ្វឹកហ្វឺនកម្លាំង ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ។
លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន មេបញ្ជាការកងយោធពលខេរភូមិន្ទ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងខេមរភូមិន្ទ បានថ្លែងក្នុងពេលថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ UN កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់បន្តបេសកកម្ម សកម្មភាពជាអាទិភាព ក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថេរភាពនៅក្នុងប្រទេស ក៏ដូចជាបន្តសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកបានបញ្ជាក់ជំហរជាថ្មីថា ទោះបីកងទ័ពកម្ពុជាត្រូវបានរងវាយប្រហាពីក្រុមឧទាមនៅប្រទេsម៉ាលី ក៏ប៉ុន្តែកម្ពុជាមិនរាថយ នៅតែតស៊ូប្តូរផ្តាច់លះបង់សាច់ស្រស់ឈាមស្រស់ ហើយកម្ពុជាប្តេជ្ញាចិត្តបង្កើនកម្លាំងបន្ថែមទៀតដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌នៅក្នុងលោក។
លោកនាយឧត្តមសេនីយ៍បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ដែលនឹងចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅអង្គការសហប្រជាជាតិ ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តឱ្យបានដាច់ខាត បទបញ្ជា និងអនុសាសន៍ ៤ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជូនដំណើរកងអនុសេនាធំលេខ១៣៥ ទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់កាលពីពេលកន្លងទៅត្រូវមានវិន័យក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជាទាំងឡាយរបស់UN រក្សាបានភាពថ្លៃថ្នូរ និងកិត្តិយសរបស់កងខេមរភូមិន្ទ និងប្រទេសជាតិ ត្រូវចាប់ឱកាសដើម្បីរៀនសូត្រដកពិសោធន៍បង្កើនចំណេះដឹង និងស្វែងយល់អំពីរបៀបរបបធ្វើការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ជាប្រព័ន្ធអន្តរជាតិពិសេសត្រូវមានសាមគ្គី ឯកភាព ចេះគោរពស្រឡាញ់ និងជួយថែរក្សាគ្នាទៅវិញទៅមក សំដៅសម្រេចនូវភារកិច្ចបន្តខិតខំរៀនសូត្រភាសាបន្ថែមទៀត ។ ត្រូវស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ នយោបាយសង្គម ការប្រឈម នៃបេសកកម្ម យកចិត្តទុកដាក់រៀបចំកម្លាំង ដោយប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ ដែលអាចកើតមានឡើង ប្រយុទ្ធប៉ះទង្គិចគ្នា រវាងក្រុមប្រដាប់អាវុធនានាដោយការវាយប្រហារពួនស្ទាក់ ឬគ្រោះថ្នាក់ធម្មជាតិគ្រោះថ្នាក់នានា។
សូមបញ្ជាក់ថា បច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពកម្ពុជា កំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន៨ មាន នៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាលសរុបចំនួន ៥២៥៧នាក់ លើមុខជំនាញបោសសំអាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការ និងសង្កេតការណ៍៕