ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៤ខែឧសភានេះបានរៀបចំពិធីរំលឹកខួប២៥ឆ្នាំ នៃថ្ងៃទទួល មរណៈភាពរបស់លោក ហារឹយូគិ តាកាតះ អតីតបូលីសស៊ីវីលជប៉ុនដែលត្រូវបានរដ្ឋាភិបាល ជប៉ុន បញ្ជូនឲ្យមកចូលរួមសកម្មភាពជាមួយអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិហៅកាត់ថា UNTACហើយបានទទួលមរណៈភាពក្នុងអំឡុងពេលបំពេញបេសកម្មក្នុងប្រទេសកម្ពុជា។ ពិធីនេះ ត្រូវបាន ប្រារពធ្វើ នៅក្នុងបរិវេណវត្តតាំងកសាងខាងត្បួង ក្នុងរាជធានីភ្នំពេញ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានផ្ញើសារក្នុងឱកាសពិធីបុណ្យ ឧទ្ទិសកុសលជូនវិញ្ញាណខ័ន្ធលោកតាកាតះ សូមវិញ្ញាណក្ខ័ន្ធលោកបានទៅកាន់ សុគតិភព កុំបី ឃ្លាតឡើយ។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្តម HidehisaHoriouchi(ហ៊ីដែហ៊ីសា ហូរីអ៊ូឈិ)បាន ថ្លែង ឲ្យដឹងថាលោកហារឹយូគិតាកាតះកើត ថ្ងៃទី២៧ខែធ្នូឆ្នាំ១៩៥៩ នៅក្រុងគុរ៉ាស៊ិគិ ខេត្ត អុកា យ៉ាម៉ា លោកបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ចំពោះភារកិច្ច របស់ខ្លួនជាប៉ូលីស ស៊ីវីលរបស់ UNTACនៅប្រទេសកម្ពុជាជាលើកដំបូង។
លោក ឯកអគ្គរាជទូតបន្តថាសោកនាដកម្មនេះបានកើតឡើងកាលពីថ្ងៃទី៤ ខែឧសភាឆ្នាំ ១៩៩៣ ខណៈលោកហារឹយូគិតាកាតះចុះបំពេញបេកម្មនៅភូមិអំពិល ខេត្តបន្ទាយមានជ័យ ហើយ បានត្រូវស្លាប់យ៉ាងគួរឲ្យសោកស្តាយ។
លោកឯកអគ្គរាជទូត បានបញ្ជាក់ថាជប៉ុនបានតាំង ចិត្តខិតខំប្រឹងប្រែងនិងពង្រីកចំណង ទាក់ទងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានស្តាររឡើងវិញនូវស្ថេរភាពដ៏រឹងមាំរវាង រដ្ឋាភិបាលនិងប្រជាជនទាំងពីរ កម្ពុជា- ជប៉ុន អោយកាន់តែរឹងមាំ ស្ថិតស្ថេរ និងមានកិច្ចសហប្រតិ បត្តិការទ្វេរឡើងថែមទៀត៕