អតីតអភិបាលក្រុងណាន់ជីង ដែលគេប្រសិទ្ធិនាមថាលោក ប៊ុលដូហ្សែ បន្ទាប់ ពីបានដឹកនាំធ្វើការដ្ឋានសំណង់ក្នុងរដ្ឋធានីដ៏ចំណាស់របស់ ចិន ត្រូវបានតុលាការកាត់ទោស នៅថ្ងៃទី ៧ មេសា ២០១៥នេះ ឱ្យជាប់ទោសក្នុងពន្ធនាគារ និងធ្វើការជាទម្ងន់១៥ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ។
លោក ជី ជានយ៉េ ជាឥស្សរជននយោបាយជាន់ខ្ពស់ចិនម្នាក់ ក្នុងចំណោម១២នាក់ ដែលមានឋានៈស្មើនឹងអនុរដ្ឋមន្ត្រី និងដែលត្រូវបានយន្តការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់លោក ប្រធានាធិបតីស៊ីជីនពីង ធាក់ឱ្យខ្ទាតចេញពីអំណាច។
លោក ជីជានយ៉េ បានសារភាពថាបានទទួលប្រាក់សំណូក ១១,៣លានយ័ន (១លាន២សែនអឺរ៉ូ) នៅរវាងឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ នេះបើតាមការគូសបញ្ជាក់របស់តុលាការ ដែលបានបង្ហាញរូបថតនៅសាលកាត់ក្តី ឃើញរូបអតីតចៅហ្វាយក្រុងណាន់ជីន មានទឹកមុខស្រងូតបង្កប់ទៅដោយការ វិប្បដិសារី យាមការពារដោយប៉ូលិសមាឌដាំងពីរនាក់។
មាន អាយុ ៥៨ឆ្នាំ លោក ជីជានយ៉េ ធ្លាប់ជាមនុស្សសំខាន់ទីពីររបស់បក្សកុម្មុយនិស្តប្រចាំខេត្ត ធ្លាប់ជាអភិបាលក្រុងយាងស៊ូ (ក្រុងកំណើតរបស់អតីតប្រធានាធិបតីចិន ជាន ហ្សេមិន និងជាក្រុងយុទ្ធសាស្ត្រសម្រាប់ដំឡើងយសសក្តិ) និងជាលេខាបក្សអស់រយៈពេល១០ឆ្នាំ មុននឹងបានក្លាយ ជាអភិបាលខេត្តណាន់ជីន នៅឆ្នាំ២០១០ ដើម្បីគ្រប់គ្រងក្រុងភាគកើតប្រទេសដែលមានប្រជាជនរស់នៅ ប្រមាណជាង៨លាននាក់។
ដកចេញពីតំណែង នៅថ្ងៃទី ១៩តុលាឆ្នាំ២០១៣ ក្រោមសម្រែកអំណរ និងការដុតផាវបណ្តេញរបស់ពលរដ្ឋក្រុងណាន់ជីន លោក ជី ជានយ៉េ ត្រូវបានបណ្តេញចេញជាផ្លូវការពីគណបក្សកុម្មុយនិស្តចិន នៅដើមឆ្នាំ២០១៤ (ខែមករា) បន្ទាប់ពីគណៈកម្មការគ្រប់គ្រងវិន័យបក្សបានរកឃើញថាអតីតអភិបាល ក្រុងនេះ បានទទួលប្រាក់សំណូក និងកាដូផ្សេងៗ ដោយផ្ទាល់ខ្លួន ឬតាមរយៈក្រុមគ្រួសារ។
សូមបញ្ជាក់ថានៅពេលកំពុងកាន់អំណាច លោក ជី ជានយ៉េ បានបង្កើនគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យច្រើនណាស់ រហូតទទួលងារថា “លោកអាត្រាក់Bulldozer” ល្បីឈ្មោះខ្លាំងឆាប់ឡើងយសសក្តិ និងឆាប់មានបានខ្លាំង។ ប៉ុន្តែក៏ងាយរងគ្រោះពីប្រតិបត្តិការស្អាតស្អំ (ប្រឆាំងនឹងអំពើពុករលួយ) ដោយឈរលើគោលការណ៍ ដឹកនាំគំរូ មានវិន័យ និងចេះអត់ធ្មត់ តែដោយគ្មានឯករាជ្យ និងតម្លាភាព គេអាចប្រើប្រតិបត្តិការនេះសម្រាប់សងសឹកឬការប៉ែងផ្តួលគ្នា៕rfi/
លោក Ji Jianye ពេលប្រកួតកីឡាអូឡាំពិកនៅសិង្ហបុរីឆ្នាំ ២០១០REUTERS