ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពូជា បានបញ្ជាក់ថា ការឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោត គឺជាការរំលោភច្បាប់ប្រទេសដែលបានចែងច្បាស់នៅក្នុងមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្តេច នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នេះ។
ការលើកឡើងនេះ ក្រោយពេលដែលលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ បានប្រកូកប្រកាសពីក្រៅប្រទេសឱ្យអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងពលរដ្ឋទូទៅចែកចាយខិត្តប័ណ្ណអំពាវនាវឱ្យអ្នកបោះឆ្នោត កុំទៅចូលរួមបោះឆ្នោតនៅថ្ងៃទៅ២៩ ខែកក្កដា ខាងមុខ។
សំណេរក្នុងផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី៤ ខែឧសភា នេះបានបញ្ជាក់ថា មានគណបក្សបីហើយ ដែលបានចុះបញ្ជីរួចរាល់ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ គឺ ១.គណបក្សប្រជាជនកម្ពុជា,២.គណបក្សសញ្ជាតិកម្ពុជានិង៣.គណបក្សយុវជនកម្ពុជា។ ការចុះឈ្មោះគឺចំណាយពេលខ្លី។ ទន្ទឹមនឹងនោះគឺមានគណបក្សប្រាំមួយទៀតដែលបានបញ្ជាក់ពីជំហរចុះបញ្ជីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ ២០១៨ ដោយបានរៀបចំប្រាក់កក់១៥លានរៀលនៅរតនាគាជាតិនៃ កម្ពុជា។សរុបទាំងអស់មានគណបក្សនយោបាយចំនួន២១កំពុងបំពេញបែបបទ។
ក្នុងសំណេរដដែលបានបន្តថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា២០១៨ ខាងមុខនេះ គឺសំខាន់ខ្លាំងណាស់។មាត្រា៣៤ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជាគឺបញ្ជាក់ច្បាស់ អំពីសិទ្ឋិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរទាំង២ភេទគឺមានសិទ្ឋិបោះឆ្នោតនិងមាន សិទ្ឋិឈរឈ្មោះបោះ ឆ្នោតនៅក្នុងរបបដឹកនាំប្រជាធិបតេយ្យសេរីពហុបក្ស។ការឃោសនា មិនឲ្យពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេសដែលបានចែងច្បាស់នៅក្នុងមាត្រា១៤២នៃច្បាប់ ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ៕