ភ្នំពេញ ៖ តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដែលក្រសួងពាណិជ្ជកម្មបាន កំណត់តម្លៃលក់រាយ សម្រាប់រយៈពេល១០ថ្ងៃថ្មីក្នុងថ្ងៃនេះ មានការកើនឡើងជាង កាលពីចុងខែមេសា។
បើមើលតាមតារាងតម្លៃជាក់ស្តែងនៅតាមស្ថានីយ៌លក់ប្រេងឥន្ធនៈធំៗក្នុងរាជធានីភ្នំពេញ ក្នុងថ្ងៃទី៤ ខែឧសភានេះ តម្លៃប្រេងសាំងធម្មតា មានតម្លៃ៤១០០រៀល ក្នុងមួយលីត្រ។ ចំណែក ប្រេងម៉ាស៊ូត តម្លៃ៣៩០០រៀលក្នុងមួយលីត្រ។ រីឯប្រេងសាំងស៊ុបពែ មានតម្លៃចន្លោះពី៤៤០០រៀល ទៅ ៤៤៥០រៀល ក្នុងមួយលីត្រ។ តម្លៃប្រេងទាំងបីប្រភេទនេះ មើលឃើញថា មានការកើនឡើងបន្ថែមទៀត បើធៀបកាលពីចុងខែមេសាកន្លងមក។
ចំពោះតម្លៃប្រេងថ្មីនេះ គឺត្រូវបានកំណត់ជាថ្មីដោយ ក្រសួងពាណិជ្ជកម្ម សម្រាប់រយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២ ខែឧសភា ដល់ថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៨។ ក្នុងតារាងតម្លៃប្រេងនោះ បានកំណត់តម្លៃសម្រាប់ប្រេងសាំងធម្មតា លក់មិនអោយលើស៤១០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ត្រូវលក់មិនអោយលើសតម្លៃ៣៩០០រៀលក្នុង១លីត្រ។ ខណៈដែលកាលពីចុងខែមេសា ប្រេងសាំងធម្មតាមានតម្លៃ ៣៩៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត មានតម្លៃ៣៨៥០រៀលក្នុង១លីត្រប៉ុណ្ណោះ។ ចំណែក តម្លៃលក់រាយប្រេងសាំងស៊ុបពែរ ដែលមិនត្រូវបានគណនាក្នុងតារាងកំណត់តម្លៃលក់រាយ របស់ក្រសួងពាណិជ្ជកម្ម កាលពីចុងខែមេសា គឺមានតម្លៃលក់រាយចន្លោះ៤២០០រៀល ទៅ៤៣០០រៀល ក្នុងមួយលីត្រប៉ុណ្នោះ។
គួរកត់សំគាល់ថា តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមបណ្តាស្ថានីយ៌ប្រេងទូទៅ មានការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៧មក ដែលនៅពេលនោះតម្លៃប្រេងសាំងធម្មតា មានតម្លៃប្រមាណ៣៧០០ក្នុងមួយលីត្រ! ប្រេងម៉ាស៊ូតតម្លៃប្រមាណ៣៤០០រៀលក្នុងមួយលីត្រ ! និង ប្រេងសាំងស៊ុបពែរ មានតម្លៃប្រមាណ៣៩០០រៀលតែប៉ុណ្ណោះក្នុងមួយលីត្រ។
សូមបញ្ជាក់ថា ការកំណត់តម្លៃលក់ប្រេងឥន្ធនៈ មិនឲ្យលើសពីតម្លៃក្នុងតារាងកំណត់ សម្រាប់រយៈពេល១០ថ្ងៃម្តងនេះ គឺផ្អែកទៅលើការសម្រួលរូបមន្តកំណត់តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជារបស់អន្តរក្រសួង ចំនួនបី គឺក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ និងក្រសួងធនធានរ៉ែ និងថាមពល ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ៕