កំពង់ស្ពឺ ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨និងគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាលក្រោមអធិបតីភាពលោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ កាលពីរសៀលថ្ងៃទី៤ ឧសភា នៅសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង អភិបាលនៃគណៈភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា គ្រោះមហន្តរាយឆ្នាំ២០១៧ និងឆមាសទី១ ឆ្នាំ ២០១៨ នៅទូទាំងខេត្តបានកើតឡើងនូវគ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជាពិសេស គ្រោះថ្នាក់ចរាចរណ៏កើតឡើងសរុបចំនួន ៣៣លើក បណ្ដាលអោយមនុស្សស្លាប់ ចំនួន ២៨នាក់ របួស ១៨៤នាក់ ខូចខាតរថយន្តចំនួន ២៣គ្រឿង និងម៉ូតូចំនួន ៣៤គ្រឿង។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានសម្តែងនូវការសោកស្តាយចំពោះ គ្រោះមហន្តរាយ ដែលបានកើតមានឡើងក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាបណ្តារាជធានី ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលបានឆក់យកជីវិតមនុស្សជារៀងរាល់ថ្ងៃ។ ឯកឧត្តមបានបន្តថា៖ សម្រាប់ឆ្នាំ២០១៧កន្លងមក ខេត្តមួយចំនួនធ្លាប់បានទទួលរងនូវគ្រោះធម្មជាតិមាន៖ ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និង រន្ទះបាញ់ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដំណាំ ស្រូវ ដំណាំរួមផ្សំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ជីវិតសត្វ និងជីវិតមនុស្សអស់ជាច្រើន ហើយ ថា ការអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋអោយទាន់ពេលវេលា និងមានប្រសិទ្ធភាពនោះ តាមបណ្ដាខេត្ត ត្រូវមានផែនការត្រៀមទុកជាមុន ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការជាដៃគូ ដោយយើងបានរៀបចំធ្វើ ជាសៀវភៅផែនការ ក្នុងគោលបំណងដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានដែលមានស្រាប់ និងគៀរគធនធានពីខាងក្រៅសម្រាប់ត្រៀមឆ្លើយតបធានាលើកិច្ចអន្តរាគមន៍ ជួយ សង្គ្រោះឲ្យបានទាន់ពេលវេលាដោយនៅពេលនេះការងារគ្រោះមហន្ដរាយបានបង្កើតអោយមានច្បាប់ ដែលមានជាយន្ដការ និងរចនាសម្ព័ន្ធនៃការគ្រប់គ្រងគ្រោះមហន្ដរាយ ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ក្នុងគោលបំណងធ្វើយ៉ាងណាអោយមានការអនុវត្តប្រកបដោយប្រសិទ្ធភាព៕