ខេត្តក្រចេះ ៖ ពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ចំនួន៤៤នាក់ សង្ស័យពុលនំអន្សមអាំង ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ នៅក្នុងនោះ មានអ្នករងគ្រោះធ្ងន់ធ្ងរចំនួន២៨នាក់។នេះបើតាមសមត្ថកិច្ចនគរបាលខេត្តក្រចេះ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងអស់ មានអាការៈមិនស្រួលខ្លួន ក្រោយពីបរិភោគនំអន្សមអាំង ដែលលក់នៅក្នុងភូមិកើតហេតុខាងលើ ។
សូមជម្រាបថា នេះគឺជាករណីពុលថ្មីមួយទៀត បន្ទាប់ពីថ្ងៃទី៣ខែឧសភា សប្តាហ៍មុន មានករណីសង្ស័យពុលស្រា និងទឹកនៅស្រុកចិត្របុរី ខេត្តក្រចេះ ដែលរហូតមកដល់ពេលនេះ បានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់កើនដល់១១នាក់ និងជាង១៥០នាក់ទៀត កំពុងសម្រាកព្យាបាលនៅបន្ទីរពេទ្យបង្អែកខេត្ត និងមានអ្នកជំងឺខ្លះបានធូរស្រាលហើយ ក្នុងនោះមានអ្នកជំងឺធ្ងន់ប្រមាណ១២នាក់ ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នារាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តក្រចេះ មិនទាន់បង្ហាញច្បាស់លាស់ពីករណីដែលគេអះអាងថា ពុលនំអន្សមនោះនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា អ្នកជំងឺដែលមានអាការៈពុលអាហារទាំងអស់ កំពុងត្រូវបានសង្គ្រោះព្យាបាល និងគ្មានអ្នកស្លាប់ក្នុងករណីនេះទេ៕