ភ្នំពេញ ៖ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតុបត្តិការអន្តរជាតិកាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជួបជាមួយឯកឧត្ដម ឈី សៃអន (Chui Sai On) នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្រោយជំនួបនេះថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងតំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការលើកកំពស់មិត្តភាព។
ការចុះអនុស្សារណៈនេះ មានគោលបំណងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ ការសិក្សា និងបណ្តុះបណ្តាល ពាណិជ្ជកម្ម ការផ្លាស់ប្តូរវាងយុវជន និស្សិត និងធុរកិច្ច។
បន្ទាប់ពីចប់ជំនួបពិភាក្សា លោកជំទាវ អ៊ាត សោភា អនុរដ្ឋលេខាធិការក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានប្រសាសន៍បញ្ជាក់បន្ថែមដូចនេះថា៖នៅក្នុងជំនួបពិភាក្សាទ្វេភាគី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍លើកឡើងថា ដំណើរទស្សនកិច្ចនេះជួយពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិរវាងប្រទេសយើងទាំងពីរ (កម្ពុជា -ចិន) ក៏ដូចជាបើកកិច្ចសហប្រតិបត្តិការរវាងតំបន់រដ្ឋបាលពិសេសម៉ាកាវ ជាមួយកម្ពុជា។
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាជាមួយឯកឧត្ដម ឈី សៃអន នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន និងជួបសាវនាការជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួបសាវនាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួបជាមួយសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅល្ងាចថ្ងៃទី៨ ខែឧសភា ជាមួយលោក ឈី សៃអន នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ និងអញ្ជើញចូលរួមទស្សនារូបភាពទាក់ទងប្រធានបទប្រទេសមួយប្រព័ន្ធពីរ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយរបស់ប្រទេសចិន ជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា៕