ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៣ ប្រវែង ១៣៤គីឡូម៉ែត្រ ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ត្រូវបានបើកការដ្ឋានពង្រីក និងលើកកម្រិតផ្លូវឡើងវិញ នៅព្រឹក ថ្ងៃច័ន្ទទី ០៧ ឧសភា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ផ្លូវនេះគ្រោងនឹងប្រើពេល៤២ខែ ដែលគ្រោងចំណាយថវិកាប្រមាណ២១៩លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយផលប៉ះពាល់។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអះអាងថា ក្រោយស្ថាបនារួចផ្លូវនេះនឹងក្លាយជាផ្លូវរបៀងដ៍សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ប្រវែង ១៣៤ គីឡូម៉ែត្រពីចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត នៅព្រឹកថ្ងៃច័ន្ទនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុក ផ្លូវជាតិលេខ៣ថាជាផ្លូវជាតិដ៍មានសារៈសំខាន់មួយសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន ការទាក់ទាញទេសចរនិងការតភ្ជាប់ទៅកាន់ខេត្តជាតារារះនៅទិស និរតីដូចជាខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង។
ផ្លូវជាតិមួយនេះមិនមែនត្រឹម ដើម្បីទាក់ទាញទេសចរតែមួយនោះទេ ប៉ុន្តែខេត្តដែ លនៅជាប់មាត់សមុទ្ររបស់កម្ពុជាសុទ្ធសឹងជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចធំ ដែលតភ្ជាប់ជាមួយសេដ្ឋកិច្ចក្រៅប្រទេសផងដែរ។ ខេត្តកំពត ជាខេត្តមានសក្តានុពលមួយ មិនថា វារីអគ្គិសនី ផលិតផលកសិកម្ម ទេសចរធម្មជាតិ និង ជា អនាគតកំពង់ផែទឹកជ្រៅរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះជាខេត្តតែមួយគត់ដែលផលិតអំបិលដ៍ធំបំផុតមួយ ដោយធ្វើការផ្គត់ផ្គង់នៅតាមបណ្តាខេត្តនានា។ សម្រាប់ផ្លូវជាតិលេខ៣មានតួនាទីសំខាន់ ដើម្បីធ្វើការចែកចាយអំបិលទៅកាន់ ខេត្តផ្សេងទៀត ដូច្នោះនេះជាអ្វីដែលរដ្ឋាភិបាលបានខិតខំដើម្បីស្ថាបនាផ្លូវនេះ។
បើតាមរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានឲ្យដឹងថា គម្រោងពង្រីកនិងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ នឹងត្រូវសាងសង់ជាពីរកំណាត់ ដោយកំណាត់ទី១ ភ្នំពេញ (ចោមចៅ) ទៅដល់ផ្លូវបំបែកគូសកំណាត់ផ្លូវចាប់ពីភ្នំពេញ (ចោមចៅ) ដល់បែកគូស មានប្រវែង ៦៩គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា៤គន្លង(២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ កំណាត់ទី២: បែកគូស-ក្រុងកំពតកំណាត់ផ្លូវចាប់ពីបែកគូស ដល់ក្រុងកំពត មានប្រវែង៦៤គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រ ទទឹង១១ម៉ែត្រ លើទទឹងតួផ្លូវសរុប ១២ម៉ែត្រ។
គម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់ ចំនួន ៤៨ខែ។
បើតាមរដ្ឋមន្ត្រីសាធារណៈការ និងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងអាចតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុតាមរយៈផ្លូវជាតិលេខ៤ និងខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨៕