ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ចាត់ទុកកម្ពុជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវទេ ដោយប្រទេសទាំងពីរនឹងអាចពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ខាងវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ។
លោកឌើក អ៊ីរីកសិន (Doug Ericksen) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនៃរដ្ឋវ៉ាស៊ីងតោន បានថ្លែងបញ្ជាក់ទៅកាន់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៧ ខែឧសភានេះថា សហរដ្ឋអាមេរិក និង ប្រទេសកម្ពុជា ប្រជាពលរដ្ឋកម្ពុជា និងគណបក្សប្រជាជនកម្ពុជា គឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវទេ។
ប្រទេសទាំងពីរ មិនចាំបាច់អោយមានភាពតានតឹងរវាងគ្នានោះទេ គឺមានតែបង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ជាពិសេស តាមរយៈឆន្ទៈដ៏រឹងមាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអាចធ្វើការសហការជាមួយលោក ប្រធានាធិបតី ដូណាល់ត្រាំ ដើម្បីអោយប្រទេសទាំងពីរមានការរីកចម្រើន។ ដោយលោកសមាជិកព្រឹទ្ធសភាអាមេរិក មើលឃើញថាកម្ពុជាថ្វីត្បិតមានប្រជាពលរដ្ឋប្រមាណ១៦លាននាក់មែន ប៉ុន្តែកម្ពុជាជាប្រទេសមួយមានសារៈសំខាន់ ក្នុងតំបន់ ហើយពិភពលោកក៏មិនអាចប្រាប់ប្រទេសកម្ពុជា ថាត្រូវដឹកនាំប្រទេសបែបណានោះទេ មានតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ ដែលជាអ្នកកំណត់ជោគវាសនាខ្លួនឯង។ នេះបើតាមការថ្លែងបញ្ជាក់របស់ លោក បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្រោយពេលជំនួបទ្វេភាគីនេះ បញ្ចប់។ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរគ្មានហេតុផលអ្វីដែលធ្វើជាសម្រូវជាមួយគ្នានោះទេ។ ជាក់ស្តែងប្រទេសទាំងពីរបានធ្វើការជាមួយគ្នាចាប់តាំងពី ឆ្នាំ១៩៦៥ មកម្ល៉េះ ដូចនេះ ប្រទេសទាំងពីរនឹងបន្តកិច្ចការជាមួយគ្នាបន្ថែមទៀតសម្រាប់ប្រជាជនជំនាន់ក្រោយ។ ទន្ទឺមនេះ ឯកឧត្តម ឌើកអេរិកសាន់ រួមនិងសមាជិកគណៈប្រតិភូអាមេរិក ក៏បានកោតសរសើរការដឹកនាំរបស់សម្តេចតេជោ ដែលជាក់ស្តែងធ្វើអោយប្រទេសកម្ពុជាមានការរីកចម្រើនទាំងសេដ្ឋកិច្ច និងសន្តិភាព ស្ថេរភាពនយោបាយ។
លោក ចង់អោយប្រជាពលរដ្ឋអាមេរិក និងអ្នកវិនិយោគអាមេរិក អាចមកឃើញស្ថានភាពកម្ពុជាជាក់ស្តែង នៃដំណើរការអភិវឌ្ឍរបស់កម្ពុជាសព្វថ្ងៃតែម្តង។
ជាងនេះទៀត ដោយមើលឃើញថា កម្ពុជាជាប្រទេសល្អ និងមានប្រជាពលរដ្ឋដ៏ល្អ ដូចនេះ សហរដ្ឋអាមេរិកចង់អោយមានកិច្ចសហប្រតិប្តិការ និងការពង្រឹងមិត្តភាពបន្ថែមទៀត ជាមួយកម្ពុជា ទាំងខាងវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ជាពិសេស លើវិស័យកសិកម្ម ដោយទីក្រុងវ៉ាស៊ីនតោន អាចធ្វើការនាំផ្លែប៉ោម ទឹកដោះគោ ចូលមកកម្ពុជា រីឯកម្ពុជាអាចនាំចេញ អង្ករ និងកសិផលផ្សេងទៀតទៅកាន់រដ្ឋវ៉ាស៊ីងតោនវិញបានដែរ។
ឆ្លើយតបក្នុងចំនុចនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាទូទៅមានលក្ខណៈជិតស្និទ្ធ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៌ និងវិនិយោគ ជាដើម។ ប៉ុន្តែកន្លងមកក៏មានដំណាក់កាលប្រឈមមួយចំនួនដែរ។ ទន្ទឺមនោះ សម្តេចតេជោ បានលើកឡើងថា អ្នកដែលយល់ពីប្រទេសកម្ពុជាដែរនោះ គឺលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ ចំនុចសំខាន់មួយទៀត ដោយសារនាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ កម្ពុជាមានការបោះឆ្នោតជាតិ ដែលមានគណបក្សជាច្រើនចូលរួម គឺឈរលើប្រព័ន្ធលិទ្ធប្រជាធិបតេយ្យសេរីពហុបក្ស ដូចនេះ សម្តេច ស្វាគមន៍នូវការវិលត្រឡប់មកវិញ របស់ឯកឧត្តមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ក្នុងអំឡុងពេល រៀបចំការបោះឆ្នោតជាតិនេះ ដើម្បីចូលរួមអង្កេតការណ៌ ។
បន្ថែមពីនេះនៅក្នុងជំនួបនេះដែរ សម្តេចតេជោ ក៏បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់អាហារូបករណ៌សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅអាមេរិកផងដែរ។ ជាពិសេស នាពេលខាងមុខនេះ លោក នឹងមានឳកាសជួបជាមួយសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត រួមទាំងកូនរបស់សម្តេចទាំងបីដែលធ្លាប់សិក្សានៅសហរដ្ឋអាមេរិកតែម្តង ៕