គ្មាន​ការ​លួច​កាត់​ដែក​ស្ពាន​បា​ឡេ​ដែល​ទើប​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2018 ក+ ក-

​ភ្នំពេញ ៖ បន្ទាប់ពី​ចុះ​ពិនិត្យ​ល្អិតល្អន់ នៅលើ​ស្ពាន​ប៉ា​ឡេ​ដែលជា​កន្លែងកើតហេតុ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៨​នេះ រួចមក មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​ក្រុមហ៊ុន OCIC បានបញ្ជាក់​យ៉ាងច្បាស់​ថា ពុំមាន​អ្នក​លួច​កាត់​ដែក​ក្រោម​ស្ពាន ឬ​ដៃ​ស្ពាន ដូច​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​លើកឡើង​នោះទេ​។

​នេះ​បើតាម​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​ក្រសួង​សាធារណការ និង​តំណាង​ក្រុមហ៊ុន OCIC បាន​អះអាងថា ក្រោយ​ចុះ​ពិនិត្យឃើញថា មាន​ករណី​ប្រជាពលរដ្ឋ​ជិះទូក​មក​យក​ដែក ដែល​សេសសល់​ពី​ការសំអាត​ការដ្ឋាន និង​ដែក​ការពារ​សុវត្ថិភាព​ការដ្ឋាន ក្នុងពេល​សាងសង់​កន្លងមក ដែល​ការដ្ឋាន​កំពុង​រុះរើ​សំអាត​ដឹក​ចេញ​ប៉ុណ្ណោះ​។ ចំពោះ​ដែក​ប៉ា​ឡេ​តួ​ស្ពាន​ទាំងមូល គឺ​មិនមាន​ការបាត់បង់ ឬ​ប៉ះពាល់​ដល់​គ្រោង​ដែក​សំណង់​ស្ពាន​ឡើយ​។​

​មន្ត្រី​ក្រសួង​សាធារណការ និង​តំណាង​ក្រុមហ៊ុន OCIC ដែល​សាងសង់​ស្ពាន​នេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ កុំ​មានការ​យល់ច្រឡំ ហើយ​អះអាងថា ស្ពាន​នេះ​គឺអាច​ធ្វើចរាចរ​ឆ្លងកាត់​ជាធម្មតា​៕​