ភ្នំពេញ ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត ញឹម
វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មីប្រចាំកម្ពុជាលោកស្រី PAULINE TAMESIS បានបង្ហាញពីជំហរក្នុងការបន្តកិច្ចសហ ការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីវឌ្ឍនភាពនៃប្រទេសកម្ពុជា ហើយជាការឆ្លើយតប លោកបណ្ឌិត ញឹម វណ្ណដា ថា ជាការពិត ការដែលកម្ពុជាមានការរីកចំរើនដូចសព្វថ្ងៃនេះ គឺ អាស្រ័យដោយមានការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ និងពីដៃគូអភិវឌ្ឍន៍នានា ជាមួយដែលកម្ពុជាខ្លួនឯងបានខិតខំប្រឹងប្រែងផងដែរ ។
លោកបានជម្រាបជូនលោកស្រី PAULINE TAMESIS ថា សុខភាពនៃកំណើនសេដ្ឋ កិច្ចរបស់ប្រទេសកម្ពុជាកំពុងមានភាពល្អប្រសើរ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៧% ឬលើសពីនេះ ដែលកំណើននេះបានមកពី វិស័យមួយចំនួនរួមមាន វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវិស័យសំណង់។ល។ ក្នុងនោះកម្ពុជាបានទាក់ទាញអ្នកវិនិយោគពីខាងក្រៅអោយមកបណ្តាក់ទុនដែលទុនវិនិយោគរបស់ពួកគេបានរួមចំណែកធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានភាពប្រសើរឡើងជាលំដាប់។
ក្នុងឱកាសនេះ លោកបណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានចាត់ទុកវត្តមានរបស់ លោកស្រីអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មីប្រចាំកម្ពុជាថា មានសារៈសំខាន់ខ្លាំង ណាស់ក្នុងការបន្តជួយដល់កម្ពុជា ជាពិសេសការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយកន្លង យើងតែងមានកិច្ចសហការដ៏ល្អជាមួយគ្នា។
ជាកិច្ចឆ្លើយតបលោកស្រី PAULINE TAMESIS ថា សហប្រជាជាតិនៅតែបន្តជួយដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដដែលទៅតាមអ្វីដែលខ្លួនអាចជួយបាន។
លោកស្រីក៏បានសម្តែងនូវការកោតសសើរដល់កម្ពុជា ដែលបានរៀបចំឡើងនូវច្បាប់ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ ដែលច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៥។
ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនេះមានគោលដៅ៖ ត្រៀមបង្ការ បន្ស៉ាំកាត់ បន្ថយគ្រោះថ្នាក់មុនពេលមានគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ ឬមនុស្ស,ឆ្លើយ តប សង្គ្រោះបន្ទាន់ក្នុងពេលមានគ្រោះមហន្តរាយ និងស្តារឡើងវិញក្រោយពេលមានគ្រោះ មហន្តរាយ។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មីប្រចាំកម្ពុជារូបនេះថា ដើម្បីអាចអនុវត្តច្បាប់នេះបានជោគជ័យ វាទាមទារអោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជា៕