ភ្នំពេញ ៖ លោក កៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញ ត្រូវបានបណ្ដេញចេញពីការងារនៅ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីកាសែតនេះ បានប្រកាសថា ត្រូវបានលក់ទៅឲ្យម្ចាស់ថ្មីជាជនជាតិម៉ាឡេស៊ី ដែលមានទំនាក់ទំនងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
និពន្ធនាយកកាសែតភ្នំពេញ ប៉ុស្តិ៍ លោក កៃ គឹមសុង បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យកាសែត នៅរសៀលថ្ងៃដដែលនោះថា លោកពិតជាត្រូវបានម្ចាស់ថ្មីនៃកាសែតនេះ បញ្ឈប់ពីការងារពិតប្រាកដមែន ដោយពុំបានជូនដំណឹងមុននោះឡើយ។
លោក គឹមសុង ប្រាប់ថា ម្ចាស់ថ្មីនៃកាសែតមួយនេះ បានប្រាប់លោកថា លោកបានសាងកំហុសធំមួយ ដោយបានអនុញ្ញាតឲ្យចុះផ្សាយអត្ថបទមួយនៅលើទំព័រមុខនៃកាសែតមួយនេះ ក្រោមចំណងជើងថា «កាសែតភ្នំពេញ ប៉ុស្តិ៍ ត្រូវបានលក់ទៅឲ្យវិនិយោគិនម៉ាឡេស៊ី»។
លោក គឹមសុង ប្រាប់ថា៖ «តាម Owner (ម្ចាស់)ថ្មី គាត់គិតថា ខ្ញុំបានសាងកំហុសដ៏ធំមួយ គឺអនុញ្ញាតឲ្យអត្ថបទមួយចេញនៅទំព័រមុខ គឺអត្ថបទពាក់ព័ន្ធនឹងលក់ ភ្នំពេញប៉ុស្តិ៍ ហើយក្នុងនាមជា Editor-in-Chief (និពន្ធនាយក) គេគិតថា មិនគួរឲ្យចេញអត្ថបទអញ្ចឹងទេ។ បើកាលណាចេញអត្ថបទហ្នឹង គឺជាការសាងកំហុសដ៏ធំមួយ អញ្ចឹងក្រុមហ៊ុនថ្មីមិនអាចទទួលយកបាន»។
បើទោះបីជាលោកត្រូវបានបណ្ដេញចេញដោយពុំមានការជូនដំណឹងជាមុនក៏ដោយ ក៏លោក គឹមសុង បានប្រាប់ថា លោកនឹងមិនតវ៉ានោះទេជុំវិញការបណ្ដេញបែបនេះ៕