នាយក​រដ្ឋមន្ត្រី​ហូឡង់​សុំអោយ​អ៊ុយក្រែន​បញ្ឈប់​ការប្រយុទ្ធ​នៅជិត​កន្លែង​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2014 ក+ ក-

អន្តរជាតិ៖ នាយករដ្ឋមន្ត្រី​​ហូឡង់ លោក​ម៉ាក រុតតឺ ​Mark Rutte បាន​ទូរសព្ទ​​ផ្ទាល់មាត់​ទៅ​លោក​ពេត្រូ​ ប៉ូរ៉ូឆិនកូ ​​សុំអោយ​អ៊ុយក្រែន​បញ្ឈប់​​​ប្រតិបត្តិការ​យោធា​ ប្រឆាំង​​ក្រុមបះបោរ​ នៅ​ភាគ​ខាងកើត​ ជិត​កន្លែង​កើត​ហេតុធ្លាក់​យន្តហោះ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​១៧កក្កដា។ មូលហេតុ គឺ​ដោយសារ​តែ​ក្រុម​អ្នកស៊ើបអង្កេត​ហូឡង់ និង​អូស្ត្រាលី ​ពិបាក​នឹង​ចូល​ទៅ​កន្លែង​យន្តហោះធ្លាក់​ ព្រោះតែ​ការ​ប្រយុទ្ធ​រវាង​កងទ័ព​អ៊ុយក្រែន ​និង​ក្រុម​ផ្តាច់​ទឹកដី​និយម​​ នៅ​តែបន្ត​ឥតឈប់។ ​

គួរ​រំលឹក​ថា ​យន្តហោះ​ម៉ាឡេស៊ី ដឹកអ្នកដំណើរ​២៩៨នាក់ ធ្វើដំណើរ​ពី​​ក្រុង​អាំស្ទែរដាំ ប្រទេស​ហូឡង់ ឆ្ពោះ​ទៅ​ក្រុង​កូឡាឡុំពួរ ​​ប៉ុន្តែត្រូវ​រង​មីស៊ីល ធ្លាក់​ឆេះ​នៅភាគខាងកើត​អ៊ុយក្រែន។

មនុស្ស​ទាំង​២៩៨នាក់ ស្លាប់​គ្មានសល់។ សាកសព​ជនរងគ្រោះ​២០០នាក់ ត្រូវបាន​បញ្ជូន​ទៅ​​ប្រទេស​ហូឡង់ ​ហើយ ​ដើម្បី​កំណត់អត្តសញ្ញាណ។ ប្រធានាធិបតី​អ៊ុយក្រែន ប៉ូរ៉ូឆិនកូ ​​បានសន្យា​នឹង​​នាយករដ្ឋមន្ត្រីហូឡង់​​ថា លោក​នឹង​​ធ្វើ​​ទៅ​តាម​លទ្ធភាព​របស់​លោក ដើម្ប​អោយ​​ក្រុម​ស៊ើបអង្កេត​បាន​ចុះ​ទៅ​ដល់​កន្លែង​​យន្តហោះធ្លាក់។​ ​​

ដោយឡែក ទាក់ទង​នឹង​វិបត្តិ​អ៊ុយក្រែន​​​ ក្រុម​​ជំនាញ​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប ​​ត្រូវ​​ចុះទៅដល់​​តំបន់​រ៉ូសស្តូវ ​Rostov នៅ​ភាគខាងត្បូងរុស្ស៊ី​​​ នៅថ្ងៃអង្គារ​នេះ​ ​ដើម្បីពិនិត្យ​ប៉ុស្តិ៍​ត្រួតពិនិត្យ​​ ​ចំនួន​២ ​ដែល​ជាប់សង្ស័យ​ថា ​មាន​​​សកម្មភាព​​​ដឹកសម្ភារៈ​យោធា​​ឆ្លងកាត់​ទីនោះ​​ យកទៅ​ជួយ​ក្រុម​​បះបោរ​អ៊ុយក្រែន។ ​ក្រុម​​អង្គការ​សន្តិសុខ​​​អឺរ៉ុប​នឹង​ចាប់​ផ្តើម​ការត្រួតពិនិត្យ​ខ្លួន​ នៅថ្ងៃ​ពុធ​នេះ។

ដោយឡែក​ ក្រុមអ្នកជំនាញ​​អឺរ៉ុប ​​មាន​សិទ្ធិ​ត្រួត​​ពិនិត្យ​បាន​​តែទីកន្លែង​​មួយ​​​ផ្នែក​​​នៅ​តាម​ ព្រំដែន​រវាង​​​​​​រុស្ស៊ី​និង​អ៊ុយក្រែន​ប៉ុណ្ណោះ។ ប្រមុខការទូត​រុស្ស៊ី​ស៊ែរហ្កី​ ឡាវ្រ៉ូវ​​ ​ប្រាប់​អង្គការ​សន្តិសុខ​អឺរ៉ុប​ថា អង្គការ​អាច​ប្រើ​​យន្តហោះ​ដ្រូន រឺ​​ក៏​ផ្កាយរណប​បាន ដើម្បី​​ត្រួតពិនិត្យ​ព្រំដែន។ ​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប ប្រាប់​ថា ប្រើ​យន្តហោះ​ដ្រូន​សម្រាប់​តែ​បេសកកម្ម​ក្នុង​​​ទឹកដី​អ៊ុយក្រែន​ប៉ុណ្ណោះ អង្គការ​​មិន​​ប្រើវា​នៅតាម​ព្រំដែន​រវាង​​អ៊ុយក្រែន​និង​រុស្ស៊ី​ទេ៕

31f0