នាយករដ្ឋមន្ត្រីកម្ពុជា បន្តជួបកម្មករ និយោជិតជាង១ម៉ឺន៩ពាន់នាក់នៅក្រុង បាវិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2018 ក+ ក-

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រ ជិត២ម៉ឺននាក់ទៀត នៅក្នុងក្រុងបាវិត ដូចនេះគិតចាប់តាំងខែសីហាឆ្នាំ២០១៧មកដល់ពេលនេះសម្តេចតេជោ បានជួបផ្ទាល់ជាមួយកម្មកររោងចក្រ ជាង៥០ម៉ឺននាក់ហើយ ដោយបានដាក់ចេញនូវសំណាញ់សុវត្ថិភាពសង្គមជាច្រើនសម្រាប់សម្រួលជីវភាពរបស់កម្មករ។

គិតមកដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចុះជួបផ្ទាល់ជាមួយកម្មករ កម្មការិនី រោងចក្រ ចំនួន៤១លើកហើយ ដែលមានកម្មករសរុបជាង៥០ម៉ឺន៤ពាន់នាក់។

ដោយឡែកការចុះជួបសំណេះសំណាលលើកទី៤១រវាងសម្តេចតេជោ ជាមួយកម្មករកម្មការិនី ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែឧសភា នេះ មានចំនួនជាង១ម៉ឺន៩ពាន់នាក់ នៃរោងចក្រសហគ្រាសចំនួន៣២ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ គឺ តំបន់សេដ្ឋកិច្ចពិសេសតាយសេងចំនួន ២៤រោងចក្រ, តំបន់សេដ្ឋកិច្ចពិសេស Dragon King ចំនួន ៤រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសសានតុង ចំនួន៤រោងចក្រ។ រោងចក្រ និង សហគ្រាសទាំង៣២ ដែលមានវត្តមានក្នុងជំនួបសំណេះសំណាលក្នុងក្រុងបាវិតនេះ គឺមានអ្នកវិនិយោគមកពីប្រទេសចិន ជប៉ុន ខ្មែរ អាមេរិក និងអាឡឺម៉ង់។

រោងចក្រទាំងនេះ រួមមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើងកីឡា ដំឡើងកង់ ផលិតស្រោមដៃ ផលិតខ្សែគ្រឿងបង្គុំអគ្គិសនី ផលិតតួកង់ ផលិតស៊ុមរូបថត ផលិតសម្ភារៈវេចខ្ចប់ ដំឡើងបង្អួច ផលិតគ្រឿងបន្លាស់កង់ ផលិតស្ទីកគ័ររូបភាពបិទកង់ ផលិតម៉ែត្រ ផលិតថ្នាំពណ៌លាបកង់ ផលិតគ្រឿងបន្លាស់នាឡិកាដៃ ផលិតខ្សែនាឡិកា ផលិតបារី ផលិតវាំងននស្លាបព្រិល និងផលិតប៉ុងស្មាអាវ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកត់សំគាល់ថា អង្គការសហប្រជាជាតិ បានកំណត់យក ប្រាក់ចំណូលប្រចាំថ្ងៃ១ដុល្លារ២៤សេន គឺជាបន្ទាត់នៃភាពក្រីក្រ តែនាពេលបច្ចុប្បន្ន កម្មការិនីនៅកម្ពុជា បានទទួលប្រាក់ខែជាមធ្យមប្រចាំថ្ងៃ ប្រមាណ៦ដុល្លារ ដូចនេះចំនួននេះគឺលើសពីចំណូលនៃបន្ទាត់ភាពក្រីក្រហើយ។

បន្ថែមពីនេះ សម្តេចតេជោ បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាច្រើន ដែលសម្តេចបានហៅថា ជាសំណាញ់សុវត្ថិភាពសង្គមដ៏សំខាន់ សម្រាប់ទ្រទ្រង់ជីវភាព និង សុខមាលភាពរបស់កម្មករកម្មការិនី។ ក្នុងនោះ កម្មការិនីមានផ្ទៃពោះ ត្រូវបានផ្តល់ការគាំពារជាអាទិភាព ចាប់តាំងពីពេលមានផ្ទៃពោះ រហូតដល់ឆ្លងទន្លេ។

ទន្ទឺមនេះ សម្តេចបានស្នើអោយក្រសួងការងារ និងរោងចក្រទាំងអស់ សិក្សាពីការអនុញ្ញាត អោយប្តីដែលធ្វើការនៅរោងចក្រដូចគ្នា អាចឈប់សម្រាកក្នុងរយៈសមស្របពេលប្រពន្ធឆ្លងទន្លេផងដែរ ព្រោះនេះជាដំណាក់កាលពិបាកមួយក្នុងពេលឈប់សម្រាកមាតុភាព។ បើគិតចាប់តាំងពីការចាប់ផ្តើមអនុវត្តដំបូងពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មានកម្មការិនី ជាង១ម៉ឺន៩ពាន់៣រយនាក់ បានឆ្លងទន្លេ ដោយទទួលបានកញ្ចប់ថវិកាក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបជាង ៧ពាន់៧រយលានរៀល ។ ខណៈដែលរាជរដ្ឋាភិបាល បានត្រៀមប្រាក់១០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗក្នុងគោលនយោបាយគាំពារសង្គមសម្រាប់ទ្រទ្រង់កម្មការិនីមានផ្ទៃពោះ ទូទាំងប្រទេស។

បើតាមការបញ្ជាក់របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ការរីកចម្រើនក្នុងវិស័យរោងចក្រកាត់ដេរ គឺចាត់ទុកថាជាជោគជ័យនៃគោលនយោបាយទាក់ទាញការវិនិយោគ ដើម្បីបង្កើតការងារជូនកម្មករ និយោជិត! និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ! គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា! គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ! និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលកំពុងបន្តអនុវត្តនៅទូទាំងប្រទេស៕