ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្មោះ ចាន់ ប៉ូលីន និងបុរសជាប្តី ដែលបានបង្ហោះ ក្នុងបណ្ដាញសង្គមស្តីពី ការសម្លាប់ សត្វ ព្រៃ បានចូលសារភាពពីទោសកំហុស និងទទួលកំហុសនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ជាមួយ សមត្ថកិច្ចពាក់ព័ន្ឋ នៅក្រសួងបរិស្ថាន ។ជាមួយគ្នានេះផងដែរក្រសួងបរិស្ថាន ក៏បានរៀបចំសន្និសីទសារព័ត៌មាន ទាក់ទងនឹងអ្នកប្រព្រឹត្តល្មើស សម្លាប់សត្វព្រៃនេះដែរ។
ខណៈចូលខ្លួនសារភាពនៅក្រសួងបរិស្ថាន ស្ត្រីរូបនេះ និងប្តីរបស់នាងបានសារភាពថា សត្វទាំងនោះ មិន មែនពួកគេជាអ្នកសម្លាប់ឡើយ ពោលទិញតពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាម Toutube និង Facebook គោលបំណងស្វែងរកថវិកាតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ស្ត្រីរូបនេះ បានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយបានបង្ហាញ សកម្មភាពយកសត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀតមកបង្ហោះលើទំព័រ Youtube របស់នាង។ ការបង្ហោះនេះ គឺមានគោលបំណងស្វែងរកការមើលឲ្យបានច្រើន ដើម្បីទទួលបានថវិកា នៃការផ្សព្វ ផ្សាយពាណិជ្ជកម្មនានាតាមរយៈក្រុមហ៊ុន Google។
គួររំឭកថា នៅមុនពេលស្ត្រីខាងលើបានចូលសារភាព អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានបញ្ជាក់ថា មិនទាន់ដឹងច្បាស់ថា នារីម្នាក់ រួមទាំងអ្នកពាក់ព័ន្ធក្នុងករណីចម្អិនសត្វព្រៃដែលបង្ហោះតាម Youtube នោះ នឹងត្រូវមានទោសយ៉ាងណានៅឡើយទេ ដោយរង់ចាំការប្រមូលភស្តុតាង គ្រប់ជ្រុងជ្រោយជាមុន សិន។ ចំពោះការដាក់ទោសទាន់វិញ ខាងតុលាការជាអ្នកធ្វើការបន្ត។
លោក សៅ សុភាព បញ្ជាក់ថា «ពេលនេះក្រសួងកំពុងធ្វើការ យើងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធក្នុងរឿង នេះ ហើយរកភស្តុតាងឲ្យគ្រប់ជ្រុងជ្រោយសិន។ មានទោសយ៉ាងណា គឺខាងតុលាការជាអ្នកសម្រេច។ យើងបានទាក់ទងទៅនារីនោះឱ្យចូលខ្លួនមកបំភ្លឺហើយ»។
សូមបញ្ជាក់ថា Youtube ដែលមានឈ្មោះថា Natural Life TV បានបង្ហោះពីសកម្មភាពនារីវ័យក្មេងម្នាក់យកសត្វព្រៃជាច្រើនប្រភេទទៅចម្អិនជាអាហារ ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនប្រតិកម្មយ៉ាងខ្លាំង និងសុំឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការតាមច្បាប់៕