ភ្នំពេញ ៖ នៅក្នុងរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានអោយដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តរក្សាភាពរឹងមាំ នឹងត្រូវបានព្យាករទុកថានឹងកើនល្បឿនបន្តិចរហូតដល់ទៅ ៦,៩ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារតែការស្ទុះឡើងវិញក្នុងវិស័យនាំចេញវាយនភណ្ឌនិងសំលៀកបំពាក់ អមដោយការងើបឡើងរបស់វិស័យទេសចរណ៍ និងកសិកម្ម ផងដែរ ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានសម្ពោធនៅថ្ងៃនេះអោយដឹងថា ចំណាយកាន់តែច្រើនឡើងរបស់រដ្ឋាភិបាល និងលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកមានអំណោយផល ក្នុងនោះរួមមានតម្រូវការយ៉ាងស្វាហាប់នៅក្នុងបណ្តាសេដ្ឋកិច្ចប្រទេសជឿនលឿងផង សុទ្ធតែជាកត្តាដែលត្រូវបានគេរំពឹងទុកថាជាមូលដ្ឋានទ្រទ្រង់ធ្វើឱ្យកម្ពុជាបន្តទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ហានិភ័យនៅតែបន្តមាន ហើយក្នុងនោះរួមមានការបាត់បង់បន្តិចម្តងៗនូវភាពប្រកួតប្រជែងក្នុងការនាំចេញដោយសារតែការកើនឡើងយ៉ាងរហ័សនូវបៀវត្សរ៍របស់កម្មករ ពំនូនគរនៃភាពងាយរងគ្រោះដែលមានមកជាយូរមកហើយនៅក្នុងកំណើននៃវិស័យអចលនទ្រព្យនិងសំណង់ ភាពមិនច្បាស់លាស់ដែលអាចកើតមានជុំវិញការបោះឆ្នោត ភាពរញ្ជួយម្តងម្កាលបណ្តាលមកពីការគាំពារនិយម និងភាពតានតឹងខ្លាំងឡើងនៅក្នុងវិវាទពាណិជ្ជកម្មរវាងប្រទេសដែលមានការជំនួញធំៗក្នុងពិភពលោក។
លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ដើម្បីរក្សាឱ្យបានកំណើនសេដ្ឋកិច្ចរឹងមាំ ប្រទេសកម្ពុជា សំខាន់ណាស់ ត្រូវវិនិយោគថែមទៀតទៅលើវិស័យអប់រំ និងបណ្តុះបណ្តាលជំនាញ ហើយស្របពេលគ្នានោះដែរ ត្រូវប្រឹងរកដំណោះស្រាយដល់ឧបសគ្គនានាដែលធុរកិច្ចធុនតូចនិងមធ្យមកំពុងជួបប្រទះ ។ ការវិនិយោគទៅលើមនុស្សជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ឈានទៅកាន់អនាគតមួយកាន់តែចម្រុងចម្រើន ។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា ក៏បានអោយដឹងផងដែរថា បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលខ្វះខាតកម្លាំងពលកម្មជំនាញច្រើនជាងគេមួយក្នុងចំណោមប្រទេសក្នុងតំបន់ ។
ប៉ុន្តែប្រទេសណាក៏ដូចតែគ្នាដែរ គឺសុទ្ធតែខ្វះខាតជំនាញដូចគ្នា គ្រាន់តែការខ្វះខាតជំនាញនោះមានតិចមានច្រើនប៉ុណ្ណោះ ។ លោកថា ដើម្បីអោយកម្លាំងពលកម្មជំនាញ មានប្រសិទ្ធភាព និងស្ថេរភាពបានយូរនោះ ការបណ្ដុះបណ្ដាលគួរតែធ្វើឡើងដោយវិស័យសាធារណៈ ៕