ភ្នំពេញ ៖ បុរសជាជាងសំណង់ម្នាក់ ដោយសារតែភ្លើងកំហឹង រួមនិងសេចក្តីប្រច័ណ្ឌដោយសារប្រពន្ធទៅធ្វើការនៅតាមហាងដាច់យប់ញឹកញាប់ពេក ទ្រាំលែងបានក៏ វាយនិងឆក់ខ្សែភ្លើងបំណងសម្លាប់ប្រពន្ធ និងសម្លាប់ខ្លួនឯង តែបានស្លាប់ដូចបំណងតែម្នាក់ឯង ចំណែកស្ត្រីជាប្រពន្ធ បានរងរបួស ហើយរត់រួចពីសេចក្តីស្លាប់ទាំងឈាមស្រោចពេញខ្លួនឲ្យអ្នកជិតខាងជួយ ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង៥០នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅបន្ទប់ជួលលេខ៥ ជាន់ទី១ ផ្លូវលេខ ១០៣ ភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។
បុរសដែលប្រើហិង្សា និងឆក់ខ្សែភ្លើងសម្លាប់ខ្លួនឯងនោះ ឈ្មោះ សូរ ខ្លឹម អាយុ៣៤ឆ្នាំ ជាជាងសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិអង្គាដី ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានឆក់ខ្លួនឯងស្លាប់ក្នុងបន្ទប់ទឹក ។ ចំណែកស្ត្រីជាប្រពន្ធគឺឈ្មោះ អោក សាបាន អាយុ៣៤ឆ្នាំ បម្រើការនៅភោជនីដ្ឋាន និងខារ៉ាអូខេ បឹង សុបិន ក្នុងខណ្ឌព្រែកព្នៅ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើត ក្នុងភូមិ ស្នោ ឃុំជាយកំពក ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង បានរងរបួសក្បាលធ្ងន់ធ្ងរ។
តាមនគរបាលមូលដ្ឋាន បានអោយដឹងថា ទាក់ទិននឹងអំពើហិង្សា និងឆក់សម្លាប់ខ្លួនឯង នោះ ដោយសារតែភ្លើងប្រច័ណ្ឌ ដែលស្ត្រីជាប្រពន្ធទៅធ្វើការតាមហាងដាច់យប់ព្រឹកឡើងទើប ត្រឡប់មកផ្ទះវិញ ជាច្រើនលើកច្រើនសារួចមកហើយ ។
តាមស្ត្រីជាប្រពន្ធ បានអោយ ដឹងថា នៅវេលា យប់ថ្ងៃទី១០ ខែឧសភា គាត់បានទៅធ្វើការ។លុះនៅវេលាម៉ោង ប្រមាណ៧ព្រឹក ក៍បានត្រឡប់មកផ្ទះវិញ។ នៅពេលនោះ ប្តីក៍បានទៅទិញ បាយមកហូបទាំង២នាក់ ព្រមទាំងដេកលេងស្រាប់តែប្តីរបស់គាត់បានយកញញួរ មកវាយគាត់ ចំនួន៤ញញួរ ត្រូវមុខមួយញញួរ និងត្រូវខាងក្រោយ ៣ញញួរ និងបានទាញ អង្រែវាយចំនួន ៣ អង្រែទៀត និងយកខ្សែភ្លើងដែលខាំផ្តាច់សំបកមករឹត ក ហើយឆក់ តែគាត់បានប្រឹងរើបម្រះរួច រត់ ចេញមកក្រៅស្រែកអោយអ្នកជិតខាងជួយ និងប្រាប់អោយទៅមើលប្តី ស្រាប់តែឃើញប្តីឆក់ខ្លួន ឯងស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។
តាមស្ត្រីជាប្រពន្ធបានអោយដឹងថា គាត់ និងប្តីបានរួមរស់នៅជាមួយគ្នា ជាប្តីប្រពន្ធអស់រយៈ ពេលជាង១០ឆ្នាំ មានកូន២នាក់ កូនប្រុសបងអាយុ១៣ឆ្នាំ និងកូនប្អូន ស្រី អាយុ៨ ឆ្នាំ។
តាមអ្នកជិតខាង បានអោយដឹងថា បុរសជាប្តី ជាមនុស្សស្លូតបូត រាល់ថ្ងៃគេតែងតែឃើញ បុរសនោះ គិតតែទៅធ្វើការរកប្រាក់ ចំណែកស្ត្រីជាប្រពន្ធ ក៏ទៅធ្វើការរកប្រាក់ដែរ តែដាច់យប់រហូត ជួនកាលមិនមកផ្ទះ ៣យប់ក៍មានដែរ ទុកអោយប្តីនៅមើលកូន។ ប្រភពបន្តថា ប្រហែលជា ដោយទ្រាំលែងនឹងទង្វើរបស់ប្រពន្ធដែលដើរដាច់យប់និយាយមិនស្តាប់ បានទើប បុរសជាប្តីមាន គំនិតគិតខ្លី វាយ និងឆក់សម្លាប់ប្រពន្ធ និងខ្លួនឯងតែម្តង ប៉ុន្តែ ចៃដន្យ អី ស្លាប់តែខ្លួនឯងម្នាក់ ចំណែកស្ត្រីជាប្រពន្ធរងរបួសធ្ងន់៕