ដកហូត​សត្វព្រៃ​កន្លែង​ដែល​២​នាក់​ប្តី​ប្រពន្ធ​ទិញ​ធ្វើ​ម្ហូប​បង្ហោះ​តាម​យូ​ធូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2018 ក+ ក-

​កំពង់ចាម​ ៖ សមត្ថកិច្ច​ចំរុះ​បាន​បើក​ប្រតិបត្តិ​ចុះបង្ក្រាប​ទីតាំង​លក់​សត្វព្រៃ នៅត្រង់​ស្ពាន​ត្រោះ ភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បាធាយ​នា​រសៀល​ថ្ងៃទី​១០ ឧសភា ២០១៨ ដោយ​ដកហូត​បាន​សត្វ​ចំនួន​៣​ប្រភេទ រួច​បាន​ប្រមូល​ដុត​កំទេចចោល ។ ទីតាំង​ខាងលើ​នេះហើយ​ដែល​២​នាក់​ប្តី​ប្រពន្ធ​បាន​​មក​ទិញ​សត្វព្រៃ​យកទៅ​ធ្វើ​ម្ហូប ដោយបាន​បង្ហោះ​តាម​យូ​ធូប​នោះ ។​

លោក​អ៊ុង រី​ណា នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជើងព្រៃ ប្រាប់​ឲ្យ​ដឹងថាៈ ដោយ​ទទួល​ការ​ពី​លោក​ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ចាត់​ឲ្យ​រូបលោក​ចុះ​សហការ​ជាមួយនឹង​លោក ម៉ម រិទ្ធី អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​អភិបាលរង​ស្រុក​បាធាយ នគរបាល​ប៉ុ​ស្ត៏​រដ្ឋបាល​ជាលា កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​ឆ្មក់​ចុះទៅពិនិត្យ​នៅត្រង់​ខាងត្បូង​ស្ពាន​ត្រោះ ដើម្បី​ដកហូត​សត្វព្រៃ​ដែល​ដាក់លក់​ដោយ​ខុសច្បាប់​បាន​ចំនួន​៣​ប្រភេទ​ផងដែរ​។​

​លោក​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជើងព្រៃ​រូបនេះ​ប្រាប់​បន្តថា សត្វ​ដែល​ដាក់លក់​ក្នុងនោះ​មាន​ទាំង​ប្រភេទ​សត្វស្រុក​និង​សត្វព្រៃ​ត្រូវបាន​រកឃើញ​មានតែ​២​កន្លែង ដកហូត​មាន​ប្រភេទ​ដូចជាៈ ១-​សត្វ​ននាល​ខ្យង​ចំនួន​៩​ក្បាល ២-​មៀម​០១​ក្បាល ៣-​ក្រួច​អឺត​ចំនួន​១០​ក្បាល ។ ម្ចាស់​អ្នកលក់​សត្វព្រៃ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់​មិន​ឲ្យ​លក់ ក្នុងករណី​នូវតែ​ចចេស​បើ​រកឃើញ​ក្នុងពេល​ខាងមុខ​ទៀត​នឹងត្រូវ​ចាត់វិធានការ​តាមច្បាប់​ជា​កំហិត ។

កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​រដ្ឋបាល​ព្រៃឈើ​ធ្លាប់បាន​សហការ​ជាមួយនឹង​អង្ក​ការ​វាយ​អេ​ត ចុះ​ចាប់​សត្វព្រៃ​ត្រង់​ម្តុំ​ស្ពាន​ត្រោះ​ខាងលើ បាន​ទាំង​ឡាំងៗ ហើយ​បាន​សហការ​ជាមួយនឹង​សមត្ថកិច្ច ចុះបង្ក្រាប​បន្តបន្ទាប់​ជាច្រើនលើក​។​សូម​បញ្ជាក់ថា​ទីតាំង​លក់​សត្វព្រៃ​នេះហើយ ដែល​២​នាក់​ប្តី​ប្រពន្ធ​បាន​ទិញ​យកទៅ​ដុត​និង​ធ្វើ​ម្ហូប​រួច​បង្ហោះ​តាម​យូ​ធូប ត្រូវបាន​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម​( Face book ) ចែកចាយ​ពី​ម្នាក់​ទៅ​ម្នាក់​ហើយ​ត្រូវ​បាន​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បញ្ជារ​ឲ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ស្រាវ​ស្រាវ​តាម​ចាប់​។​តែ​មិនទាន់​នឹង​បាន​ចាប់​ផង​ក៏ត្រូវ​បាន​២​នាក់​ប្តី​ប្រពន្ធ​នោះ ចេញមក​សារភាព​ពី​ទោសកំហុស​។​

​គួររំលឹកថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​មាន​ប្រជាពលរដ្ឋ​នៅត្រង់​ស្ពាន​ត្រោះ​នេះ បាន​លក់​សត្វស្រុក​ហើយ​បន្លំ​អ្នកធ្វើដំណើរ​ថា​ជា​សត្វព្រៃ លុះ​ក្រោយមក​អ្នកទិញ​នោះបាន​ជិះ​កាត់​មក​ក៏​ចុះ​ស្តីបន្ទោស​ម្តេចក៏​មិន​លក់​​សត្វព្រៃ​ពិត​ទៅ​ចាំបាច់​រកស៊ី​កុហក​ធ្វើ​អ្វី ?

បន្ទាប់ពី​ទទួលរង​នូវ​ការស្តីបន្ទោស​រួចមក​អ្នកលក់​រូបនោះ​ក៏​​បាន​ទៅ​ទិញ​សត្វព្រៃ​បន្តិចបន្តួច យកមក​ដាក់​ព​ន្យួ​រលក់​ជាប់​ច​ញ្ចើ​ម​ថ្នល់ជាតិ​លេខ​៦ហើយ​ត្រូវបាន​ស​ម​ត្ថ​កិច្ច​ចាប់បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។​ធ្វើ​ឲ្យ​អ្នកលក់​រូបនោះ​និយាយ​ទាំង​ក្តុកក្តួល​ថា​«​លក់​សត្វស្រុក​ត្រូវគេ​ស្តីបន្ទោស លុះដល់​ពេល​លក់​សត្វព្រៃ​បែរជា​ត្រូវ​ចាប់​ទៅវិញ » ទោះជា​បែបណា​​ក្តី​សត្វព្រៃ​ច្បាប់​មិនបាន​អនុញ្ញាត​លក់ដូរ​នោះទេ ៕​