ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ ឯកឧត្ដម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា បានអនុញ្ញាតឲ្យអគ្គនាយករងការិយាល័យ គោលនយោបាយកិច្ចការបរទេស នៃក្រសួង ការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះប្រធានស្ថាប័ន សិទ្ធិ មនុស្សកម្ពុជា បញ្ជាក់ប្រាប់មន្ដ្រីនៃក្រសួងការបទេសជប៉ុន ថា ការអំពាវនាវឲ្យពលរដ្ឋកុំ ទៅបោះ ឆ្នោត គឺជាអំពើខុសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ ដល់ មន្ដ្រីនៃក្រសួងការបរទេសជប៉ុន ថា ការអំពាវនាវឲ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ គឺជាអំពើខុសនឹងច្បាប់កំពូលរបស់ជាតិ ព្រមទាំងច្បាប់ស្ដីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រផងដែរ។
ការបញ្ជាក់នេះ គ្រាដែលឯកឧត្ដមកែវ រ៉េមី អនុញ្ញាតឲ្យលោក(ម៉ាសាតូ អូតាកា)Masato OTAKA អគ្គនាយករងការិយាល័យ គោលនយោបាយកិច្ចការបរទេស នៃក្រសួងការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅស្នាក់ការកណ្ដាល គណៈកម្មាធិការសិទ្ធិ មនុស្ស កម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ។ ក្នុងជំនួបនេះលោក(ម៉ាសាតូ អូតាកា)Masato OT AKA បានសាកសួរដល់មន្ដ្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថា តើការអំពាវនាវរបស់ លោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ខុសច្បាប់ដែរឬទេ? ជាការឆ្លើយ តប លោក កែវ រ៉េមី បានបញ្ជាក់ ថា កន្លងមកការអំពាវនាវ ឬការឃោសនារបស់ថ្នាក់ដឹកនាំ នៃអតីត គណបក្សសង្គ្រោះជាតិខ្លះ បានបំពានច្បាប់ ដែលបង្កទៅជាបទល្មើសព្រហ្មទណ្ឌ។
ជាក់ស្ដែងលោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវ ឲ្យ ប្រជា ពលរដ្ឋកុំទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដែលការអំពាវនាវនេះ ខុសរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងខុសច្បាប់ស្ដីពីការបោះឆ្នោតជ្រើស តាំងតំណាង រាស្ដ្រ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់បន្ថែម ថា ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា បានចែង ថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសិទ្ធិ បោះ ឆ្នោត និងមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតអោយ។ ចំណែកមាត្រា១៤២ នៃច្បាប់ស្ដីពីការ បោះ ឆ្នោតជ្រើសតាំងតំណាងវិញ ក៏បានចែង ថា ការរារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឲ្យ ទៅបោះឆ្នោត ត្រូវផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល ដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀត។ ដូច្នេះការអំពាវនាវឲ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោតគឺជារឿងខុសច្បាប់។នៅក្នុងជំនួប ដដែល នេះដែរលោក(ម៉ាសាតូ អូតាកា)Masato OTAKA អគ្គនាយករងការិយាល័យ គោល នយោបាយ កិច្ចការបរទេស នៃក្រសួងការបរទេសជប៉ុន បានបញ្ជាក់ ថា រដ្ឋាភិបាលជប៉ុននៅតែបន្តផ្ដល់ជំនួយ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានិច្ច បើទោះបីជាមានក្រុមមន្ដ្រីមួយចំនួនតូច នៃប្រទេស ជប៉ុន បានស្នើឲ្យពិចារណាលើបញ្ហានេះក៏ដោយ។
គួររំលឹក ថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានបញ្ជាក់ម្ដងហើយ ម្ដងទៀត ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាល ទី ៦ នឹងប្រព្រឹត្ដទៅនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ដោយគ្មានការកែប្រែឡើយ។ ក្នុង នោះ លោក ស៊ិន ប៊ុនហុក បានបញ្ជាក់ ថា គ.ជ.ប នឹងអនុវត្ដសមត្ថកិច្ចរបស់ខ្លួន ដោយឯករាជ្យ និងអព្យាក្រឹត្យ ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាម គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុកបក្ស៕