ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅអាស៊ី កំពុងស្ទុះងើបឡើងខ្លាំងបើគិតក្នុងរយៈពេល៣ឆ្នាំមកនេះ ខណៈដែលតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ ព្យាករណ៌ថានឹងអាចកើនឡើងដល់ ៨០ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងឆៅ នៅអាស៊ីបានកើនឡើងជាង ២ភាគរយ ក្នុងសប្តាហ៍នេះ បន្ទាប់ពីមានព័ត៌មានថា សហរដ្ឋអាមេរិក នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលនឹងបើកចំហកម្មវិធីអាតូមិករបស់ទីក្រុងតេអេរ៉ង់ ជាថ្នូរសម្រាប់ការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម។ ការដកខ្លួនចេញរបស់អាមេរិក ពីកតិកាសញ្ញាឆ្នាំ២០១៥ នេះ ធ្វើអោយមានការព្រួយបារម្ភថានឹងជំរុញឲ្យមានភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ដ្រនយោបាយថ្មីៗ។
នៅមានហេតុផលមួយចំនួនទៀតនៅពីក្រោយការកើនតម្លៃប្រេងឆៅនេះ ដូចជា ដោយសារការកម្រិតទិន្នផលផលិតប្រេងរបស់អង្គការ OPEC និង រុស្ស៊ី ភាពមិនច្បាស់លាស់នៅប្រទេសវេណេស៊ុយអេឡា កំណើនតម្រូវការពិភពលោក និងការធ្លាក់ចុះស្ដុកប្រេងអាមេរិក ជាដើម។ កត្តាទាំងនេះ ធ្វើអោយតម្លៃប្រេងក្នុងកិច្ចសន្យារបស់ប្រេងឆៅ Brent និង ប្រេងឆៅ WTI កំពុងកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនសប្ដាហ៍ថ្មីៗនេះដល់កម្រិតខ្ពស់បំផុត បើគិតក្នុងរយៈពេល៣ឆ្នាំមកនេះ។ ជាមួយគ្នានេះ តម្លៃប្រេងឆៅ បានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅអាស៊ី ដោយព្យាករថា តម្លៃប្រេងឆៅអាចបន្តកើនឡើងដល់ ៨០ដុល្លារក្នុងមួយបារ៉ែល។
លោក Hassan Rouhani ប្រធានាធិបតី ប្រទេសអ៊ីរ៉ង់បានថ្លែងថា នៅពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់ អាចបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម «ដោយមិនមានកំណត់» ប៉ុន្តែអ៊ីរ៉ងនឹងពិភាក្សាការឆ្លើយតបរបស់ខ្លួនជាមួយបណ្ដាប្រទេសហត្ថលេខីផ្សេងទៀតមុនពេលធ្វើការសម្រេចចិត្ត៕