ភ្នំពេញ ៖ ក្រោយពីតម្លៃប្រេងសាំងនៅលើទីផ្សារកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ រហូតដល់មានការរិះគន់ពីប្រជាពលរដ្ឋជាពិសេសពីបណ្ដាអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្ម បានបកស្រាយបន្ថែមទៀត ពីការកើនឡើងតម្លៃប្រេងសាំងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈនានាក្នុងប្រទេសកម្ពុជា ។
ថ្លែងនៅក្នុងសន្និសីទកាលពី នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា រៀងរាល់១០ថ្ងៃម្ដង អន្តរជាតិបានសម្រេចកំណត់តម្លៃប្រេងសាំងលក់រាយនៅលើទីផ្សារក្នុងប្រទេសកម្ពុជា តែក្រសួងបានគ្រប់គ្រងតែតម្លៃប្រេងសាំងធម្មតានិងប្រេងម៉ាស៊ូតប៉ុណ្ណោះ ពីព្រោះប្រេងសាំងធម្មតា មានប្រើច្រើនជាងសាំងស៊ុបពែ ។
លោក បន្តថា ការកើនឡើងតម្លៃប្រេងសាំងនៅលើទីផ្សារក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នេះ ដោយសារតែ តម្លៃប្រេងលើទីផ្សារអន្តរជាតិក៏កើនឡើងដែរ ។ម្យ៉ាងទៀតផលិតផលប្រេងដែលកម្ពុជាប្រើប្រាស់សព្វថ្ងៃនេះ ក៏បាននាំចូលពី ប្រទេសផលិតប្រេងនានា ទើបតម្លៃ ត្រូវតែឡើងទៅតាមទីផ្សារអន្តរជាតិបែបនេះ ។
លោកបន្ថែមថា ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកន្លងមកនេះ មានន័យថាក្រសួងបានគិតគូរ និងចង់សម្រួលដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបនិងធម្យមតែមិនបានបែងចែកវណ្ណៈ អ្នកមានអ្នកក្រដូចបណ្ដាសារព័ត៌មានចុះផ្សាយ ជាពិសេសនៅលើបណ្ដាញសង្គមនោះឡើយ ។
លោក គឹម មាស សុខសីហា អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានមានប្រសាសន៍ផងដែរថាដើម្បីធានាគុណភាពនិងភាពត្រឹមត្រូវនៃផលិតផលប្រេងឥន្ធនៈលក់នៅលើទីផ្សារ អគ្គនាយកដ្ឋានកាំកុងត្រូលក៏បានចុះពិនិត្យជាប្រចាំទៅលើស្ថានីយ៍ប្រេងនានាទូទាំងប្រទេស ហើយបើរកឃើញថាលក់មិនគ្រប់លីត្រ អគ្គនាយកដ្ឋាននឹងអប់រំណែនាំលើកទី១ ហើយបើនៅតែមិនរាងចាល អគ្គនាយកដ្ឋាននឹងផ្សព្វផ្សាយពីទីតាំងនិងឈ្មោះស្ថានីយ៍ប្រេងអោយសាធារណៈជនបានជ្រាប ។
គួរបញ្ជាក់ថារហូតមកដល់ថ្ងៃនេះ តម្លៃប្រេងសាំងលក់រាយនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដែលកំណត់ដោយក្រសួងពាណិជ្ជកម្មនិងក្រសួងពាក់ពន្ធ័ ក្នុងនោះ ប្រេងសាំងធម្មតា មានតម្លៃ ៤១០០រៀលក្នុងមួយលីត្រ ប្រេងម៉ាស៊ូត ៣៩០០រៀលក្នុងមួយលីត្រ ចំពោះសាំងស៊ុបពែដែលមិនបានគ្រប់គ្រងដោយក្រសួងនោះ ក៏មានតម្លៃ ប្រមាណ៤៤០០រៀលក្នុងមួយលីត្រ ៕