ក្រុងព្រះសីហនុ ៖ ចំនួនអ្នកទេសចរណ៌ ដែលមកកម្សាន្តក្នុងខេត្តព្រះសីហនុ មានការកើនឡើងជារៀងរាល់ឆ្នាំ! ដោយត្រឹមរយៈពេល៤ខែឆ្នាំ២០១៨ អ្នកទេសចរណ៌បានកើនឡើងដល់ជិត១លាននាក់។
ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ អ្នកទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តក្នុងខេត្តព្រះសីហនុ មានចំនួនជាង៩៥ម៉ឺន៣ពាន់នាក់ គឺកើនឡើង១៨,៤ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៧។ ក្នុងនោះមានអ្នកទេសចរចិន ប្រមាណ៥ម៉ឺននាក់ កើនឡើង៣៧ភាគរយ រួមជាមួយអ្នកទេសចរច្រើនជាតិសាសន៍ទៀតក៏កំពុងកើនឡើងផងដែរ ដូចជាជនជាតិ រុស្សី បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ថៃ វៀតណាម ម៉ាឡេស៊ី ជាដើម។ នេះបើតាមរបាយការណ៌របស់មន្ទីរទេសចរណ៌ ខេត្តព្រះសីហនុ។
កំណើនអ្នកទេសចរនេះ ត្រូវបានចាត់ទុកថា អាចមកពីការអភិវឌ្ឍន៍ យ៉ាងលឿនក្នុងខេត្តនេះ ដោយក្នុងមួយសប្ដាហ៍ មានជើងហោះហើរប្រមាណ២០២ជើង មកពីក្រៅប្រទេស និងក្នុងស្រុកមានចំនួន៣៤៨ជើង បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកងកេង។
តាមការបញ្ជាក់របស់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នាពេលកន្លងមក ក៏បានចាត់ទុកថា ការរីកចម្រើនវិស័យអាកាសចរណ៌ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញអ្នកទេសចរណ៌ និង អ្នកវិនិយោគ។ បន្ថែមពីនេះ លោក រំពឹងថា ខេត្តព្រះសីហនុ នឹងក្លាយជាគោលដៅទេសចរណ៌ និងពាណិជ្ជកម្មសំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។
បើគិតក្នុងត្រីមាសទី១ឆ្នាំនេះ ភ្ញៀវទេសចរដែលទៅទស្សនាតាមបណ្ដាកោះ ក្នុងខេត្តព្រះសីហនុ ពិសេសកោះរ៉ុង កោះរ៉ុងសន្លឹមជាដើម មានជាង១១ម៉ឺននាក់ កើនឡើងជាង១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្តព្រះសីហនុ មានសណ្ឋាគារ៦៩កន្លែង ស្មើនឹង៣ពាន់៥២១បន្ទប់ ផ្ទះសំណាក់ ៣១៩កន្លែង ស្មើនឹង៤ពាន់២៩បន្ទប់! ភោជនីយដ្ឋាន-អាហារដ្ឋានមាន ២៥១កន្លែង! ហាងម៉ាស្សាមាន៤២កន្លែង! សេវាកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យមាន១៧កន្លែង! ទីភ្នាក់ងារទេសចរណ៍៣១កន្លែង និងកីឡាទេសចរណ៍១៧កន្លែង។
ទន្ទឹមនេះនៅរយៈពេល២ឆ្នាំខាងមុខទៀត នឹងមានសណ្ឋាគារបង្កើតថ្មី ប្រមាណ២ពាន់ទៅ២ពាន់៥រយបន្ទប់ បន្ថែមទៀត នឹងបើកដំណើរការ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ៕