សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនណាប្រកាសលក់ដីក្នុងរមណីយដ្ឋានអង្គរ និងលើកឡើងថា ជាព័ត៌មានភូតកុហក និងជាកលល្បិចបោកប្រាស់របស់ ពួកគេធ្វើអោយប្រជាពលរដ្ឋមានការភ័នច្រឡំ។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីបណ្ដាយសង្គមមួយមានឈ្មោះ Ear Heng Angkor ដែលក្រុមហ៊ុននេះ បានប្រកាសថាខ្លួនមានដីឡូតិ៍ពុះលក់និងបង់រំលោះដែលមានចំងាយជិតទីប្រជុំជន សណ្ឋាគារល្បីៗ និងជិតផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចុះផ្សាយនៅថ្ងៃទី១១ខែឧសភាឆ្នាំ ២០១៨ នេះ បានអោយដឹងថាកន្លងទៅថ្មីៗនេះ មានបុគ្គលមួយចំនួនបានប្រកាសផ្សព្វផ្សាយលក់ដីធ្លី នៅតាមបណ្ដាញសង្គម ដោយលើកឡើងថា ដីទាំងនោះ បានកាត់ចេញពីរមណីយដ្ឋានអង្គរ និងអាច សាងសង់លំនៅឋានស្រាលបានស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំក្រុងសៀមរាប។លិខិតបានបន្ដ ថា ការលើកឡើងរបស់បុគ្គលនោះជាព័ត៌មានភូមិកុហក ដើម្បីជាប្រយោជន៍បុគ្គលផ្ទាល់ខ្លួន ព្រោះរាល់ ការទិញដូរសាងសង់លំនៅឋានទាំងអស់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ដែលធ្វើឡើងទៅ តាម ផ្លូវច្បាប់។
លិខិតបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលបន្ដភូតកុហក សាធារណ ជន ក្នុងគោលបំណងកេងចំណេញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ។
ដើម្បីជៀសវាងខូចខាត ប្រយោជន៍របស់ប្រជាពលរដ្ឋស្លូតត្រង់អាជ្ញាធរជាតិអប្សរាបានអំពាវ ដល់សាធារណជនកុំអោយ ទិញដី ក្នុងរមណីយដ្ឋានអង្គរ ដូចព័ត៌មានបានផ្សព្វផ្សាយ លក់ដីធ្លីនៅតាមបណ្ដាញសង្គម ដែលស្ថិតនៅភូមិ អញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាបកន្លងទៅថ្មីៗនេះដោយលើកឡើងថា ព័ត៌មាននេះជាកលល្បិច បោកប្រាស់របស់មនុស្សមួយក្ដាប់តូចហើយអាជ្ញាធរជាតិអប្សរា មិនទទួលស្គាល់រាល់ការខូចខាតបាតប្រយោជន៍របស់សាធារណជនដែលបានទិញដីធ្លីក្នុងរមណីយដ្ឋានអង្គរនោះឡើយ។
ថ្មីៗនេះមានPage Facebook ឈ្មោះ Ear Heng Angkor មួយបានប្រកាសលក់ដីធ្លីនៅតំបន់ រមណីយដ្ឋានអង្គរនេះ។ ក្រុមហ៊ុននេះបានប្រកាសថា ខ្លួនមានដីឡូត៍ ពុះលក់ និងបង់រំលោះ នៅក្នុង តំបន់ពីនៃឧទ្យានអង្គរ ដែលមានចំងាយជិតទីប្រជុំជន សណ្ឋាគារល្បីៗ និងជិតផ្លូវ៦០ម៉ែត្រ ស្ថិតនៅ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
ទោះយ៉ាងនេះក្ដី នៅព្រឹកថ្ងៃសៅរ៍នេះយើងមិនអាចទាក់ទងម្ចាស់ក្រុមហ៊ុន Ear Heng Angkor នោះ បាននៅឡើយទេដោយទូរស័ព្ទមិនអាចទាក់ទងបានចំណែកការផ្សាយឃោសនាតាមបណ្តាញសង្គមនោះ ក៏គេរកឃើញថា ម្ចាស់ Page បានលុបចោល។
យោងតាមជំពូក ១ មាត្រា៤ នៃព្រះរាជក្រិត្យលេខ០០១ន ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្ដីពីការកំណត់ និងចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្ដីសម្រេចកាលពី ខែវិច្ឆិកា ឆ្នាំ២០០៤ ស្ដីពីកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីក្នុងតំបន់១ និងតំបន់២ ត្រូវហាមឃាត់ដាច់ខាត ចំពោះការធ្វើសកម្មភាពទិញលក់ដីក្នុងគោលដៅធ្វើអាជីវកម្ម យកចំណេញរបស់ក្រុមហ៊ុន និងឈ្មួញ ដើម្បីយកទៅសាងសង់សណ្ឋាគារភោជនីយដ្ឋាននិងខារ៉ាអូខេជាដើម៕