កំពង់ធំ ៖ នៅពេលគៀកការបោះឆ្នោតជិតមកដល់ សហគមន៍ និងសហគម៍ការពារព្រៃឈើ និង ប្រជាលពរដ្ឋ ៧៤នាក់ នៅភូមិអូរធំ ឃុំទិពោធិ៍ ស្រុកសន្ទុក បានដាក់ពាក្យបណ្ដឹងទៅឯកឧត្ដមសុខ លូ អភិបាលខេត្តកំពង់ធំ សុំឲ្យដកថ្នាក់ដឹកនាំភូមិ៣នាក់ចេញ ដោយពួកគាត់ចោទប្រកាន់ថា ថ្នាក់ដឹកនាំ ភូមិអូរធំ ៣នាក់នោះ បានឃុបឃិតគ្នារៀបចំបង្កើតខ្សែស្រឡាយ និងបក្ខពួក ដើម្បីទទួលផលប្រយោជ ន៍ និងជិះជាន់ កេងប្រវ័ញ្ច ផលប្រយោជន៍ប្រជាពលរដ្ឋទៀតផង។
ការផ្ដល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ប្រជាពលរដ្ឋទាំងនោះ បាននិយាយថា ថ្នាក់ដឹក នាំភូមិទាំង៣នាក់ មានលោក សួង យឿន ភេទប្រុស មានតួនាទី ជា អនុភូមិ ,លោក សោម សម មានតួនាទីផ្នែកកសិកម្ម និងលោក រៀង ជាង មានតួនាទីត្រៀមជាជំនួយការភូមិ ។
សូមបញ្ជាក់ថា លោក សួង យឿន ជាអនុភូមិ ទទួលនាទីជាមេភូមិស្ដីទី ព្រោះលោកមេភូមិ មរណភាព។
ប្រជាពលរដ្ឋទាំងនោះ បានបន្តឲ្យដឹងថា អ្នកទាំង៣នាក់នេះ បានបង្កើតបក្ខពួកនិយម បើមាន អំណោយសប្បុរសធម៌ ដល់ជនក្រីក្រ ឬជនជួបគ្រោះធម្មជាតិ ឬការផ្ដល់ដី សសម្បទាន ជាគោល នយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការចំពីរៀបចំពីមូលដ្ឋានភូមិឃុំនោះ គឺគេដាក់ឈ្មោះតែគ្នាគេ និងបក្ខពួកគេតែប៉ុណ្ណោះ ឯប្រជាពលរដ្ឋក្រីក្រពិត ឬអ្នកដែលមិនមែនជាបក្ខពួកគេ គឺមិនឲ្យ នោះទេ។
ការផ្ដល់បទសម្ភាសន៍របស់ប្រជាពលរដ្ឋទាំងនោះ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្ន អ្នកទាំង៣នាក់នេះ បានគំរាមកំហែងប្រជាពលរដ្ឋណា ឲ្យតែមានការតវ៉ា ឬមិនពេញចិត្ត ឬមិនគាំ ទ្រ នឹងសកម្មភាពរបស់ក្រុមបក្ខពួករបស់គេ ដែលធ្វើប្រជាពលរដ្ឋក្នុងភូមិមានការជ្រួលច្របល់ និងភ័យ ខ្លាច ហើយចំពោះទង្វើខាងលើនេះ ពួកគាត់បានប្ដឹងទៅឃុំ និងរដ្ឋបាលស្រុកសន្ទុក ជាច្រើនដងហើយ ប៉ុន្តែមិនមានការដោះស្រាយ ហេតុនេះទើបពីកាលថ្មីៗនេះ ពួកគាត់បានដាក់ពាក្យបណ្ដឹង ទៅឯកឧត្ដម អភិបាលខេត្ត សុខ លូន និងឯកឧត្ដម បណ្ឌិត ងួន ញ៉ឹល ដើម្បី សុំឲ្យជួយដោះស្រាយ និងដកថ្នាក់ដឹក នាំភូមិទាំង៣នាក់ចេញ។
ទោះជាយ៉ាងណាក្ដី លោក សួង យឿន អនុភូមិអូរធំ បានឆ្លើយតប នឹងអ្នកសារព័ត៌មាន ថា រឿង នេះ បើទះដៃម្ខាង គឺមិនលឺទេ ហើយស្នាមមេដៃប្ដឹងទាំងនោះ គឺក្លែងក្លាយ ៣០% ចំណែកលោក អភិបាលស្រុកសន្ទុក ទូច សុខា គឺមិនមានបំភ្លឺឲ្យដឹងដូចម្ដេចនោះទេ ដោយសារទូរស័ព្ទ របស់លោក ទាក់ទងមិនបាន៕