ខេត្តក្រចេះ ៖ មានប្រសាសន៍នៅចំពោះមុខពលរដ្ឋ សុទ្ឋសឹងជាជនជាតិដើមភាគតិចព្នង ជិត៤០០រយនាក់ នៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ដែលធ្លាប់រងអការៈពុលទឹកព្រែកនិងសម្លាប់មនុស្សជាង១០នាក់ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា អណ្តូងទឹកស្អាតចំនួន៧ និងត្រូវខួងដាក់ឱ្យបងប្អូនប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ ក្នុងនោះមានអណ្តូងទឹក២ ជាអំណោយរបស់ឯកឧត្តមផ្ទាល់ និងអណ្តូងទឹកចំនួន៥ទៀត ជាអំណោយរបស់ថ្នាក់ដឹកនាំខេត្តក្រចេះ។ មានប្រសាសន៍បន្ត នៅថ្ងៃទី១២ឧសភា លោក ពេជ្រ ប៊ុនធិនរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះបានស្នើរឱ្យពលរដ្ឋដែលរងនៅអការៈពុល ដែលទើបនិងជាសះស្បើយ ឈប់មានការភ័យខ្លាច ព្រោះស្ថានការនេះ ត្រូវបានអាជ្ញាធរត្រួតត្រាស្ថានការណ៍ និងរកពីមូលហេតុនៃអការៈ ដែលបណ្តាលឱ្យអ្នកភូមិបានរងអការៈពុល និងស្លាប់ ឃើញអស់ហើយ និងត្រូវនាំកូនតូចៗ មកចូលសាលារៀនដូចដើមវិញ និងមិនត្រូវមានការភ័យខ្លាចតទៅទៀតនោះទេ។ ជាមួយគ្នានោះលោក ពេជ្រ ប៊ុនធិន ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលនៅក្នុងទីតាំងភូមិកើតហេតុ ដែលធ្លាប់ឆក់យកជីវិតមនុស្សចំនួន១៣នាក់,ស្រី៨នាក់ និងរងអការៈពុលជាង២០០រយនាក់ និងបាននែនាំ ដល់ពលរដ្ឋដែលសុទ្ឋសឹងជាជនជាតិភាគតិចព្នង ត្រូវចេះថែរក្សាសុខភាព មិនត្រូវពិសារស្រា ស ដែលមានប្រភពមិនច្បាស់លាស់ គ្មានការត្រួតពិនិត្យត្រឹមត្រូវ មិនត្រូវប្រើប្រាស់ទឹកតាមព្រែកតាមអូរ ដែរជាប្រភពទឹកមិនស្អាត ហើយងៀកមកប្រើប្រាស់ទឹកស្អាត ដែលផ្តល់ជូនពីអាជ្ញាធរខេត្ត រហូតដល់អណ្តូងស្នប់ ចំនួន៧ ត្រូវបានក្រុមការងារ ជីកជូន ដាក់ឱ្យប្រើប្រាស់រួចរាល់ ។ បាតុភាពនៃអការៈពុលនេះត្រូវបានអ្នកភូមិចាត់ទុកថា ជាបាតុភាពដ៏អាក្រក់មួយ ពុំធ្លាប់មាននៅក្នុងភូមិរបស់ពួកគាត់និងបានធ្វើឱ្យអ្នកភូមិមានការតុកស្លុត នៅពេលឃើញ សភាពអ្នកភូមិជាច្រើននាក់ បានឈឺស្លាប់ភ្លាមៗបែបនេះ។ តែយ៉ាងណាពួកគាត់មានភាពកក់ក្តៅនៅពេលឃើញអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ក្រោមការដឹកនាំពីឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានការយកចិត្តទុកដាក់ លើសុខទុក្ខ ការរស់នៅនិងការជួយសង្គ្រោះពួកគាត់ បានទាន់ពេល។ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា ពេលនេះស្ថានការរបស់អ្នកភូមិស្រែនន បានវិលត្រឡប់មករកសភាពដូចដើមវិញហើយ ចំណែកអ្នកភូមិដែលបានជម្លៀសខ្លួនចេញពីភូមិ និងខ្លះទៀតត្រូវបាន នាំទៅសង្គ្រោះដោយសាររងការពុលនោះ ពេលនេះពួកគាត់ ក៏បានវិលចូលមករស់នៅក្នុងភូមិចាស់ របស់ពួកគាត់តាមធម្មតាមវិញ ក្រោយពីស្ថានភាពពុលបានធូរស្រាល បន្ទាប់ពីមានការសង្គ្រោះពីក្រុមគ្រូពេទ្យ ។ បើទោះបីជាស្ថានភាពនៃអការៈពុលបានធូរស្រាលយ៉ាងណាក្តី តែកងកម្លាំងសមត្ថកិច្ចនៅតែបន្តការ ឈរជើងជាប់ប្រចាំការនៅតំបន់ក្បែរៗភូមិ ក្នុងនោះបានត្រៀមរថយន្តសង្គ្រោះ ក៏ដូចជាក្រុមគ្រូពេទ្យនៅជាប់ជាប្រចាំជាប់ជានិច្ច ក៏ដូចជាការផ្តល់ទឹកស្អាត ពីសំណាក់អាជ្ញាធរ ជូនអ្នកភូមិសំរាប់ប្រើប្រាស់ប្រចាំថ្ងៃ។ សុំបញ្ជាក់ថា ការផ្ទុះអការៈពុល ទៅលើភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី គឺបានកើតឡើង កាលពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ខែឧសភា ក្នុងនោះបានបណ្តាលឱ្យអ្នកភូមិ ប្រុស,ស្រីយ៉ាងតិច ចំនួន១៣នាក់ ស្រី៨បានស្លាប់ និងអ្នកភូមិចំនួន ជិត៣រយនាក់ទៀត បានរងអការៈ និងត្រូវបានជួយសង្គ្រោះពីក្រុមការងារអាជ្ញាធរខេត្តក្រចេះ៕
អ្នកភូមិដែលធ្លាប់ពុលទឹកព្រែកនៅស្រុកឆ្លូងទទួលអណ្តូងទឹកស្អាតចំនួន៧