ខេត្តព្រៃវែង ៖ យោងតាមមាត្រាលេខ២១៩នៃក្រមនីតិវិធីព្រហ្មទណ្ឌលោក សាំង សេរី ចៅក្រមសើុបសួរនៃសាលាដំបូងខេត្តព្រៃវែងបានសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះ ឌឹម មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលឋានៈនាយរងផ្នែកអគ្គីភ័យកើតនៅភូមិវត្តរំដួល ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្នភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានប្រពន្ធ និងកូន២នាក់។ ជនត្រូវចោទរូបនេះ ត្រូវជាកូនបង្កើតរបស់លោក ឌឹម យ៉ារ៉ុម ស្នងការរងនគរបាលខេត្តព្រៃវែង ដែលមានដីកាបង្កាប់លេខ១០៤/២០១៨ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រៃវែង។
លោក សាំង សេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង បានសម្រេចឃុំខ្លួនឈ្មោះ ឌឹម មករា ដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ អំពើរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ដោយសារមធ្យោបាយប្រើប្រាស់បង្ខាំងមនុស្ស ដោយខុសច្បាប់ និងសញ្ចារកម្មស្ថានទម្ងន់ទាក់ទងទៅនឹងជនរងគ្រោះតាមមាត្រា២៤០ចំណុច១មាត្រា២៥៣ចំណុច៣មាត្រា២៨៩នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅភូមិរោង.ឃុំចាម.ស្រុកកំពង់ត្របែក.ខេត្តព្រៃវែងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
សូមរំលឹកថា ជនជាប់ចោទឈ្មោះ ឌឹម មករា បានធ្វើសកម្មភាពចាប់ក្មេងស្រីឈ្មោះ លី សុខហ៊ួរ អាយុ១៦ឆ្នាំ រំលោភហើយគំរាមសម្លាប់ក្រុមគ្រួសារទាំងពូជ ប្រសិនបើធ្វើឲ្យបែកធ្លាយរឿងនេះ។ ដោយសារខ្លាចក្រុមគ្រួសារគ្មានសុវត្ថិភាពក្មេងស្រីរងគ្រោះបានព្យាយាមបិទបាំងរឿងនេះ មិនឲ្យក្រុមគ្រួសារដឹងនោះទេ សុខចិត្តទ្រាំក្នុងការឈឺចាប់តែម្នាក់ឯង។
បន្ទាប់មកក្មេងស្រីរងគ្រោះរូបនេះ បានចាកចេញពីស្រុកកំណើត ទៅធ្វើការងារនៅកាស៊ីណូម៉ាកាវ បាវិត ខេត្តស្វាយរៀងបានតយៈពេល១ខែកន្លះ ក៏ត្រូវជនជាប់ចោទឈ្មោះ ឌឹម មករាបានទូរស័ព្ទឲ្យ ក្មេងស្រីរងគ្រោះឲ្យជិះឡានឈ្នួលឡើងទៅជួបគេ(ឌឹម.មករា)នៅភ្នំពេញ។តែបើមិនទៅទេគេនិងបាញ់សម្លាប់មួយគ្រួសារចោល។ពេលនោះក្មេងស្រីរងគ្រោះមិនហ៊ានទំលាយអាថ៌កំបាំងប្រាប់ឳពុកម្តាយនោះទេ គឺសុខចិត្តជិះឡានពីបាវិតទៅជួប ឌឹម មករា នៅភ្នំពេញ ហើយជនល្មើសរូបនេះជួលផ្ទះស្នាក់នៅម្តុំទឹកថ្លា បង្ខាំងក្មេងស្រីនោះចាក់សោរទុកក្នុងផ្ទះជួល មិនឲ្យមានសេរីភាព រួចជននេះបានបង្ខំនាងរួមភេទ។មិនតែប៉ុណ្ណោះថែមទាំងបង្ខំឲ្យក្មេងស្រីរងគ្រោះនេះរួមភេទជាមួយមិត្តភ័ក្ត និងអ្នកផ្សេងយកលុយឲ្យរូបគេ(ឌឹម.មករា)ទៅទិញថ្នាំញៀនមកប្រើប្រាស់ និងចែកចាយដល់ស្រុកកំពង់ត្របែកខេត្តព្រៃវែងទៀតផង។
ការដែលជនរងគ្រោះក្លាយជាទាសករផ្លូវភេទរបស់ជនល្មើសរូបនេះអស់រយៈពេល៣ខែ ទើបបែកធ្លាយរឿងដល់ក្រុមគ្រួសារ ឈានទៅដល់ដាក់ពាក្យបណ្តឹងនៅកន្លែងអធិការស្រុកកំពង់ត្របែក។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួចសមត្ថកិច្ចប៉ូលិសស្រុកកំពង់ត្របែកបើកការស៊ើបអង្កេតលើជនសង្ស័យខាងលើឈានទៅរកការឃាត់ខ្លួនតែម្តង។ ឥឡូវនេះជនបង្កហេតុខាងលើនេះ ត្រូវបានតុលាការខេត្តព្រៃវែងសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តព្រៃវែង៕