ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2018 ក+ ក-

 

​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ ២០១៨ នេះ មាន​ព្រះជន្ម​គម្រប់​៦៥ យាង​ចូល​៦៦ ព្រះវស្សា ។​ព្រះអង្គ​ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ ។​នៅ​ក្នុ​ឱកាស​ព្រះរាជ​ពី​ធី​បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ​នៅ​ឆ្នាំនេះ មាន​រយៈពេល​៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨​។​

ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជា​រាជបុត្រា​របស់​អតីតព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ និង​មាន​ព្រះ​មាតា​ព្រះនាម ន​រោ​ត្ត មុនីនាថ សីហនុ ។ ព្រះអង្គ​ទ្រង់​ប្រសូត្រ​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ ។​ព្រះអង្គ​ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​បន្ត​ពី​ព្រះបិតា​ក្រោយ​ពេលដែល​ព្រះបិតា​ដាក់រាជ្យ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០០៤ ។​

​ចាប់តាំងពី​ថ្ងៃ​ឡើង​គ្រងរាជ្យ​មកដល់ពេលនេះ​គឺមាន​រយៈពេល​១៤​ឆ្នាំ​ហើយ ។​មុនពេល​ឡើង​សោយរាជ្យ​ព្រះអង្គ ល្បីល្បាញ​ដោយ​ស្នា​ព្រះ​ហ​ស្ថ​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ យូណេស្កូ​(UNESCO) និង​ជា​គ្រូបង្ហាត់​របាំ​បុរាណ​ដ៏​ចំណាន​។​

​អំឡុងពេល​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ដោយ​លោក​សេនាប្រមុខ លន់ នល់ ព្រះអង្គ​គង់នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គ​ទ្រង់​យាង​ចាក​ចេញពី​ទីក្រុង​ប្រាគ និង​បានចាប់ផ្តើម​ការសិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​នៅ​ប្រទេស កូរ៉េខាងជើង​។ នៅក្នុង​ឆ្នាំ​១៩៧៧ ព្រះអង្គ​យាង​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ​។

​ក្នុងពេល​នោះដែរ​ខ្មែរក្រហម​ដែល​កំពុង​កាន់អំណាច​ប្រឆាំងនឹង​រាជានិយម បាន​ឃុំ​ព្រះអង្គ​នៅក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃទៀត​រហូតដល់​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា ត្រូវបាន​រំដោះ​ដោយ​កងទ័ពរ​ណ​សិ​រ្យ​កម្ពុជា​គាំទ្រ​ដោយ​ប្រទេស​វៀតណាម​។ នៅ​ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ទីក្រុង​ប៉ារីស ដើម្បី​បង្ហាត់បង្រៀន​របាំ​បា​ឡេ និង​បានទទួល​ព្រះរាជតួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ​។ ព្រះអង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​ជិត​២០​ឆ្នាំ ក៏ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រាគ ជារឿយៗ​ជាទី​ដែល​ព្រះអង្គ​បាន​ចំណាយពេល​យ៉ាងច្រើន​ក្នុង​ព្រះជន្ម​ក្មេង​វស្សា​។ ព្រះ​អង្គជា​ព្រះមហាក្សត្រ​តែមួយគត់​ដែលមាន​ព្រះរាជ​សមត្ថភាព អាចមាន​ព្រះ​សុ​វ​ណ្ណី​ជា​ភាសា​ឆែក​បាន​យ៉ាង​ល្អ​។​

នៅក្នុង​ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវបានតែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ​ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ។​ព្រះអង្គ​ធ្លាប់បាន​បដិសេធ​ចំពោះ​ការតែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ។​

​ការឡើង​គ្រងរាជ្យ

​នៅ​ថ្ងៃទី​១៤ ខែតុលា​ឆ្នាំ​២០១៤ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​សមា​ជិ​ក​ទាំង​៩​រូប នៃ​ក្រុមប្រឹក្សា​រាជ​ស​ម្បិ​ត្ត  ​បន្ទាប់ពីការដាក់រាជ្យ​នៃ​សម្តេចព្រះ នរោត្តម សីហនុ ការជ្រើសរើស​នេះ​គឺ​ស្របតាម​ការយល់ព្រម​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន និង​សម្តេច ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ដែល​កាលនោះ​ជា​ព្រះប្រធានរដ្ឋសភា​ដែលជា​ព្រះរៀម​ម្តាយ​ទីទៃ​ជាមួយ​ព្រះអង្គ ដែល​សម្តេច​ទាំងពីរ​សុទ្ធតែជា​សមាជិក​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ​។​

ប្រវត្តិ​នៃ​ការសិក្សា​

នៅ​ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​ទ្រង់​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា​ន​រោ​ត្ដម​, វិទ្យាល័យ​ដេ​កាត នៅ​រាជធានី​ភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​ត្រូវបាន​ព្រះបិតា​បញ្ជូនទៅ​ទីក្រុង​ប្រាគ (Prague) ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ។ នៅ​ទីនោះ​ព្រះអង្គ​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​, វិទ្យាល័យ និង​សាលា​តូរ្យតន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី និង​របាំ​បុរាណ​រហូតដល់​ឆ្នាំ​១៩៧៥​។

​ព្រះអង្គ​ស្ទាត់ជំនាញ​ខាង​ភាសា​សាស្ត្រ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់ជំនាញ​។​ក្រៅពីនេះ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ល្អប្រសើ​ផងដែរ​។ នៅក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គ​បាន​ចាក​ចេញពី​ទីក្រុង​ប្រាគ ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងជើង ហើយ​បន្ទាប់មក​ទ្រង់​បាន​ត្រលប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧៕