ភ្នំពេញ ៖ ក្រោយពេលក្រសួងពាណិជ្ជកម្មបានពន្យល់កាលពីសប្តាហ៌មុនថា ការប្រែប្រួលតម្លៃលក់ប្រេងសាំងក្នុងប្រទេសកម្ពុជា គឺផ្អែកលើទីផ្សារប្រេងអន្តរជាតិ តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ក្នុងប្រទេសកម្ពុជា នៅថ្ងៃច័ន្ទនេះ បានបន្តកើនឡើងប្រមាណ១០០រៀលទៀត។
បើតាមតារាងតម្លៃដាក់លក់រាយប្រេងសាំងនៅតាមបណ្តាស្ថានីយ៌ប្រេងឥន្ធនៈ ក្នុងប្រទេសកម្ពុជា នាថ្ងៃច័ន្ទទី១៤ ខែឧសភានេះ បង្ហាញថា ប្រេងសាំងធម្មតា មានតម្លៃ ៤១៥០ រៀលក្នុងមួយលីត្រ ដែលកើនឡើង៥០រៀលទៀត ពីតម្លៃ៤១០០ រៀល កាលពី១០ថ្ងៃមុន។ រីឯតម្លៃប្រេងម៉ាស៊ូត ក៏កើនឡើង ១០០ រៀលទៀតដែរ គឺឡើងដល់ ៤០០០ រៀលក្នុងមួយលីត្រផងដែរ។ ចំពោះតម្លៃសាំងស៊ុបពែ គឺនៅមានតម្លៃ ចន្លោះ៤៤០០ ទៅ៤៤៥០រៀល ក្នុងមួយលីត្រដដែល។ តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាសូតថ្មីនេះ គឺស្របតាមតារាងតម្លៃថ្មីសម្រាប់រយៈពេល១០ថ្ងៃ ដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨។
កាលពីថ្ងៃ១១ ខែឧសភា សប្តាហ៌មុននេះ ក្រសួងពាណិជ្ជកម្ម ក៏បានធ្វើសន្និសីទសារព័ត៌មានមួយ ដែលពន្យល់ដល់សាធារណជន អោយបានដឹងពីកត្តាឡើងថ្លៃតម្លៃប្រេងនេះថា គឺដោយសារតម្លៃប្រេងអន្តរជាតិក៏មានការឡើងថ្លៃដែរ ក្នុងនោះតម្លៃប្រេងសាំងនៅកម្ពុជា គឺពឹងផ្អែកតាមទីផ្សារតម្លៃប្រេងរបស់ប្រទេសសិង្ហបុរី ។
ក្រសួងពាណិជ្ជកម្ម បានពន្យល់ថា ហេតុផលដូចនេះ ទើបក្រសួងបានបង្កើតរូបមន្ត គណនាតម្លៃប្រេងឥន្ធនៈលក់រាយរៀងរាល់១០ថ្ងៃម្តង ដោយប្រើប្រាស់រូបមន្ដ ដើម្បីគ្រប់គ្រងការប្រែប្រួលតម្លៃប្រេង អោយសមាមាត្រទៅនឹងការប្រែប្រួលតម្លៃប្រេងអន្តរជាតិដែរ។ ប៉ុន្តែ រូបមន្តនេះមិនគ្រប់គ្រងប្រេងសាំង ស៊ុបពែរនោះទេ ដោយក្រសួងពាណិជ្ជកម្ម ពន្យល់ថា គឺ ទុកសម្រាប់អោយ ក្រុមហ៊ុនវិនិយោគរកប្រាក់ចំណេញ ក្នុងទីផ្សារសេរី។
គួរកត់សំគាល់ បើតាមក្រសួងពាណិជ្ជកម្ម បង្ហាញថា បើប្រៀបធៀបតម្លៃចាប់តាំងពីឆ្នាំ២០១៦ មកទល់នឹងខែមេសា ឆ្នាំ២០១៨ ការតម្លៃលក់រាយប្រេងសាំងនៅកម្ពុជា បានកើនឡើង ២៧ ភាគរយ ខណៈតម្លៃអន្តរជាតិបានកើនឡើង ៦៣ ភាគរយ។ ចំណែក កាលពីសប្តាហ៌មុនតម្លៃប្រេងឆៅនៅអាស៊ី ក៏បានឡើងខ្លាំងដល់ទៅជាង៧០ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលជាង៣ឆ្នាំកន្លះមកនេះ៕