ចិន ៖ ក្រោយពីប្រជាពលរដ្ឋនៅក្នុងទីក្រុងមួយចំនួន នៃប្រទេសចិន បានសម្តែងការព្រួយបារម្ភថា ការតំឡើងថ្លៃលំនៅដ្ឋានខ្ពស់ពេក នឹងធ្វើអោយប្រជាពលរដ្ឋ ពុំមានលទ្ធភាពក្នុងការទិញលំនៅដ្ឋាននោះ ក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និង ជនបទរបស់ប្រទេសចិន ក៏បានកោះហៅ អភិបាលក្រុងក្នុងខេត្តមួយចំនួនដើម្បីចាត់វិធានការទប់ស្កាត់បញ្ហាតម្លើងថ្លៃលំនៅដ្ឋាននេះ។
តាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មានស៊ីនហួបានបង្ហាញថាក្រសួងអភិវឌ្ឍន៍លំនៅឋាននិងជនបទនៃប្រទេសចិន បានរំលឹកដល់អភិបាលក្រុងធំៗ ស្ថិតក្នុងលំដាប់ថ្នាក់ទី២ ដែលកំពុងមានការរីកចម្រើនខ្លាំង ដូចជាក្រុង Chengdu, ទីក្រុងTaiyuan, ទីក្រុង Xian, ទីក្រុងHarbin, ទីក្រុងKunming និង ទីក្រុង Guiyang ដោយមើលឃើញថាទីក្រុងទាំងនេះ មានតម្លៃលំនៅដ្ឋានឡើងខ្ពស់គួរអោយកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាងបណ្តាលខេត្តក្រុងមួយចំនួនទៀត ។
វិធានការចំពោះមុខគឺដាក់កម្រិតលំនៅដ្ឋានថ្មីៗមិនត្រូវអោយមានការឡើងតម្លៃខ្ពស់ពេកទេ។ ជាក់ស្តែងតម្លៃលំនៅដ្ឋាននៅទីក្រុង Chengdu នៅក្នុងខែមីនាបានកើនឡើងរហូតដល់ 0,៨ ភាគរយធៀបនឹងឆ្នាំមុនខណៈនៅក្នុងទីក្រុង Taiyoan មានកើនឡើងរហូតដល់ ៧,៦ ភាគរយ។ យោងតាមទិន្នន័យរបស់ China Index Academy បានឱ្យដឹងថាទីក្រុងចំនួន ១២ បានលក់ផ្ទះថ្មីចំនួន ១១ លានផ្ទះកើនឡើង២៣ ភាគរយកាលពីខែមុន ដោយក្នុងនោះមានការលក់ធ្លាក់ចុះប្រមាណជា១០ ភាករយក្នុងក្រុងធំៗលំដាប់ទី ១ចំនួន ២ គឺទីក្រុងប៉េកាំង និងសៀងហៃនិង ធ្លាក់ចុះ ៥ភាករយក្នុងក្រុងធំលំដាប់ទី ៣របស់ប្រទេសចិន។ ជាមួយគ្នានោះ មានទីក្រុង Xian, ទីក្រុងChengdu និង ទីក្រុង Nanjing បានដាក់វិធានការតម្លៃស្របតាមការណែនាំរបស់រដ្ឋាភិបាលដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលធម្យមមានលទ្ធភាពក្នុងការទិញ និងជំរុញកំណើននៅក្នុងសេដ្ឋកិច្ចក្នុងតំបន់។
បើតាមស៊ីនហួបានសរសេរថា ក្រសួងបានប្រាប់ដល់មន្ត្រីទាំងនោះថា អោយគិតគូយកចិត្តទុកដាក់ចំពោះការត្រួតពិនិត្យអោយបានទៀតទាត់ចំពោះទីផ្សាតម្លៃអចលនទ្រព្យក្នុងក្រុងទាំងមូលមិនអាចអោយឡើងថ្លៃស្រេចតែចិត្តនោះទេ។ តម្លៃអចលនទ្រព្យនៅប្រទេសចិនបានធ្វើឱ្យក្រុមអាជ្ញាធរមានការព្រួយបារម្ភនៅប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែមានការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច និងចលាចលសង្គមកើតឡើងបើសិនជាលំនៅដ្ឋាន ឬអចលនទ្រព្យលក់មិនចេញស្របតាមទីផ្សារ៕