ព្រៃវែង ៖ ជនសង្ស័យចំនួន២នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រៃវែង ស្ទាក់ឃាត់ខ្លួន បានកាលពីវេលាម៉ោង៦និង៤០នាទី ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលស្វាយអន្ទរ ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពាក់ពន្ធ័ករណី លួចរថយន្ត។
លោក ស្រេង ជា ស្នងនគរបាលខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីសមត្ថកិច្ចនគរបាលខេត្តកណ្តាលថា មានមុខសញ្ញាចោរលួចរថយន្តពីចំណុចផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ភ្លាម លោកក៍បានដាក់ពង្រាយកម្លាំងអន្តរាគមន៍នៃអធិការរដ្ឋាននគរបាលស្រុក ស្វាយអន្ទរ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ស្វាយអន្ទរ ចាំឃ្លាំមើលមុខសញ្ញាគ្រប់ច្រកល្ហក។ លុះដល់វេលាម៉ោងខាងលើ ក៍ប្រទះឃើញជនសង្ស័យ២នាក់ ជិះរថយន្ត១គ្រឿងម៉ាកToyota.Tacoma ពណ៌ស្ករ ស៊េរីឆ្នាំផលិត ១៩៩៦ មកដល់ចំណុចរង្វង់មូលស្វាយអន្ទរ កម្លាំងក៍ស្ទាក់ឃាត់ខ្លួនយកមកសាកសួរនៅអធិការស្រុក និងធ្វើការស្រាវជ្រាវឲ្យម្ចាស់រថយន្តកាន់យកឯកសារមកផ្ទៀងផ្ទាត់រថយន្តរបស់ខ្លួនដែលបាត់។
ម្ចាស់រថយន្តឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាកុច ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានបញ្ជាក់ថា រថយន្តនេះ ពិតជារបស់គាត់ប្រាកដមែន ដែលត្រូវជននេះលួចយកមករួចបានដូរដាក់ស្លាកលេខក្លែងក្លាយ កំពង់ឆ្នាំង 2A. 1030 តាមពិតស្លាកលេខពិតប្រាកដ ភ្នំពេញ 2D.0879។ លោកឧត្តមសេនីយ៍ទោ ស្រេង ជា បន្តថា ជនសង្ស័យទាំង២នាក់ ១ឈ្មោះ រិទ្ធ.ធារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំកាណាឌីយ៉ា។ ២ឈ្មោះរ៉ា.ប៊ុនរឹទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្លាកែត.ឃុំគគីរ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។
ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានស្លាកលេខសេះហោះ១ និងដែកស្វាន១។បច្ចុប្បន្នជានសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងត្រូវសមត្ថកិច្ចធ្វើ សំណុំរឿងបញ្ជូនទៅឲ្យសមត្ថកិច្ចនគរបាលខេត្តកណ្តាលវិញ ដែលជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕