ខេត្តកំពត ៖ ស្ត្រីពីរនាក់បងប្អូនបាននាំគ្នាមកទិញឥវ៉ាន់នៅផ្សារតានី នៅស្រុកអង្គជ័យ ត្រូវបានក្រុមមនុស្សប្រុសស្រីមិនស្គាល់អត្តសញ្ញាណ ហៅឡើងជិះម៉ូតូហាក់ដូចជាស្គាល់គ្នា និងបានល្បួងបញ្ឆោតដោះយកគ្រឿងអលង្គ័ការអស់ពីខ្លួន កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា។
ជនរងគ្រោះដែលបានយំសោកបោកខ្លួនប្រាប់នគរបាលចរាចរនៅស្រុកអង្គជ័យ នេះឈ្មោះ កន រស្មី អាយុ ១៨ឆ្នាំ និងប្អូនស្រីម្នាក់ផង នៅភូមិត្រពាំងព្រីង ឃុំគោគព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ។
នគរបាលស្រុកអង្គជ័យបាននិយាយថា បន្ទាប់ពីឃើញជនរងគ្រោះយំទាំងពីរនាក់បងង្អូន ក៏សាកសួរ ទើបដឹងថា ជនរងគ្រោះ មកផ្សារតានី និងបានរើសកញ្ចប់មាសមួយស្បោង ហើយពេលនោះ ក៏ត្រូវបានជនមិនស្គាល់មុខ ហៅចេញពីផ្សារឡើងជិះម៉ូតូទៅចែកមាសគ្នា។
ជនរងគ្រោះបន្តថា ពួកនាងទាំងពីរនាក់ បានដោះមាស២ជី និងកងដៃ២ឈុត អោយទៅពួកចោរទាំងនោះ បន្ទាប់មកពួកចោរ បានហុចគ្រាប់មូលៗដូចគ្រាប់កង់ពណ៌មាសមួយកញ្ចប់ ។
ដំណឹងនេះ ក៏បានឮទៅដល់ក្រុមគ្រួសារ ហើយរយៈពេលប្រហែលមួយម៉ោងក្រោយមក ម្ដាយឪពុកជនរងគ្រោះ បានមកដល់ ហើយនាងបានយំ និងលើកដៃសំពះអង្វរដល់ម្ដាយរបស់ខ្លួនថា ខ្លួនបានចាញ់បោកគេ ដោយសុខចិត្តអោយម្តាយវាយដំខ្លួនយ៉ាងណាក៏ព្រមដែរ។
បន្ទាប់មក ប៉ូលិសចរាចរណ៍ បានបញ្ជូនស្ត្រីទាំងពីរនាក់នោះ ប្រគល់ទៅឲ្យអាជ្ញាធរមូលដ្ឋានដើម្បីចាត់ការបន្ត៕