ក្រុងភ្នំពេញ​ត្រូវការ​ដី​ជិត​៤​ពាន់​ហិកតា​សម្រាប់​សង់​លំនៅឋាន​រហូតដល់​ឆ្នាំ​២០៣០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2018 ក+ ក-

​ភ្នំពេញ ៖ ស្របពេល​តម្រូវការ​ដីធ្លី​កំពុង​កើនឡើង​ទាំង​តម្លៃ និង​ទំហំ​ផ្ទៃដី អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ បាន​អះអាងថា នៅ​ទីក្រុង​ភ្នំពេញ​ត្រូវការ​ដី​លំនៅដ្ឋាន​ប្រមាណ​៣.៦០០​ហិកតា បន្ថែមទៀត បើ​គិតដល់​ឆ្នាំ​២០៣០​ខាងមុខ​។​

​តាម​ការចេញផ្សាយ​រប​ស់​គេហទំព័រ Propertyarea.asia បានអោយដឹងថា បើ​គិតដល់​ឆ្នាំ​២០៣០ ក្រុងភ្នំពេញ​មាន​តំរូវការ​ដី​សំរាប់​លំនៅដ្ឋាន​ដ៏​ធំ​រហូតដល់​ប្រមាណ​៣៦០០​ហិកតា ឬ​ស្មើនឹង​ជាង​២៤​ដង​នៃ​ផ្ទៃដី​បឹងកក់​ទាំងមូល​។ តាម​ការវិភាគ​លើ​ទិន្នន័យ នៃ​តំរូវការ​លំនៅដ្ឋាន​នៅ​ក្រុងភ្នំពេញ អាច​ព្យាករណ៍​បាន​ថា ក្នុង​១​ឆ្នាំៗ ក្រុងភ្នំពេញ​មាន​តំរូវការ​ដី​សំរាប់​លំនៅដ្ឋាន​ប្រមាណ​៣០០​ហិកតា ឬ​ស្មើនឹង​ជាង​២​ដង​នៃ​ផ្ទៃ​បឹងកក់​ទាំងមូល​”​។ បើតាម​ការបញ្ជា​ក់រប​ស់ លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​អចលនទ្រព្យ​បាន​ពន្យល់ថា ការអះអាង​នេះ​ដោយ​ផ្អែកលើ​មូលដ្ឋាន​មួយចំនួន ដូច​ជាទី​១ ជា​មធ្យម​ក្នុង​១​ឆ្នាំៗ ប្រជាជន​ក្រុងភ្នំពេញ​ត្រូវការ​ផ្ទះ​ចំនួន​ប្រមាណ​២​ម៉ឺន​ខ្នង​។

​បើ​ផ្ទះ​១​ល្វែង​ត្រូវការ​ផ្ទៃដី​ប្រហែល​១០០ ម៉ែត្រការ៉េ នោះ​នឹងមាន​តំរូវការ​ដី​ប្រមាណ​២០០​ហិកតា ប៉ុន្តែ​ក៏ត្រូវ​គិតគូរ​ពី​ដី​សំរាប់ធ្វើ​ផ្លូវ សួន សាលារៀន និង​ផ្សារ​ផងដែរ ដូច្នេះ​នឹងត្រូវ​ការ​ដី​បន្ថែម​ប្រមាណ​១០០​ហិកតា​ទៀត​។ ជារួម​ក្នុង​១​ឆ្នាំៗ​ភ្នំពេញ​ត្រូវការ​ប្រមាណ​៣០០​ហិកតា សំរាប់​សង់​លំនៅដ្ឋាន​។

​ចំណែក​មូលដ្ឋាន​ទី​២ បើ​គិតពី​ផ្ទៃដី​បឹងកក់​ទាំងមូល មាន​ទំហំ​ប្រមាណ​១៣៣​ហិកតា ដូច្នេះ​តំរូវការ​ដី​ប្រមាណ​៣០០​ហិកតា គឺ​ស្មើនឹង​ជាង​២​ដង​នៃ​ផ្ទៃដី​បឹងកក់​ទាំងមូល ។ រីឯ​មូលដ្ឋាន​ទី​៣ បើ​១​ឆ្នាំៗ មាន​តំរូវការ​ដី​សំរាប់​លំនៅដ្ឋាន​ប្រហែល​ជាង​២​ដង នៃ​ផ្ទៃដី​បឹងកក់​នោះ ក្នុង​រយៈពេល​១២​ឆ្នាំ​ទៅមុខទៀត បើ​គិត​ចាប់ពី​២០១៩-២០៣០ ក្រុងភ្នំពេញ​នឹងមាន​តំរូវការ​ដី​សំរាប់​លំនៅដ្ឋាន​ប្រមាណ​ជាង​២៤​ដង​នៃ​ផ្ទៃ​បឹងកក់​។ នេះ​ជា​តំរូវការ​ដ៏​ធំ ដែល​មិនទាន់​គិតពី​តំរូវការ​ផ្សេងទៀត​ដូចជា​ដី​សំរាប់ធ្វើ​ឃ្លាំង និង​រោងចក្រ​ផ្សេង​ទៀតផង​។

​ដោយ​ឈរលើ​តំរូវការ​ដូច​ការ​ព្យាករ​ណ៌ និង​មូលដ្ឋាន​ទាំងនេះ អ្នកជំនាញ​ខាង​អចលនទ្រព្យ បាន​បង្ហាញថា គឺជា​ឱកាសល្អ​សម្រាប់​ការធ្វើផែនការ​ក្នុងការ​វិនិយោគ​ដីធ្លី​សំរាប់​រយៈពេល​វែង ៕