ភ្នំពេញ ៖ លោក John G Rice អតីតអនុប្រធានក្រុមហ៊ុនGeneral Electricity និងជា ទីប្រឹក្សារាជរដ្ឋាភិបាលដែលទើបនឹងតែងតាំងកាលពីចុងឆ្នាំ២០១៧កន្លងទៅ បានចូលជួបសំដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយក រ ដ្ឋ មន្ត្រីនៅវិមានសន្តិភាព នៅរសៀលថ្ងៃទី១៦ ខែឧសភានេះ។ លោក John G Rice សន្យាថានឹងជួយពង្រឹង និងបណ្តុះបណ្តាលធនធានមនុស្សវិស័យសុខា ភិបាលសម្រាប់កម្ពុជា។
នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់លោក ចន រ៉ាយស៍ ក្នុងនាមលោកជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ត្រូវជួយបង្កើនការយកចិត្តទុកដាក់ ជាមួយយុវជន ពីព្រោះបច្ចុប្បន្ន យុវជន មានសមត្ថភាពច្រើន ជាពិសេសលើភាពជាសហគ្រិនវ័យក្មេង ដូច្នេះ សម្តេចសូមឱ្យលោកជួយជំរុញ ឱ្យមានជាការរៀបចំ សិក្ខាសាលា ឬក៏ជាការជួបជុំតុមូល ជាមួយក្រុម យុវជនវ័យក្មេងទាំងអស់នោះ ដែលមានដូចជាការផ្លាស់ប្តូរ នូវសំណួរ ចម្លើយ ដើម្បីឱ្យពួកគាត់ មានគំនិត កាន់តែទូលំទូលាយ ជ្រៅជ្រះ ក្នុងការដឹកនាំ ក្រុមហ៊ុន ឬ ការអភិវឌ្ឍផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាម ឯ.ឧ ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីបញ្ជាក់ប្រាប់អ្នកកាសែនៅក្រោយជំនួប។
លោករាយស៍បានសំដែងនូងក្តីរីករាយ ដែលបានមកជួបជាមួយសម្តេច និង បានធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា កាលពីដើមឆ្នាំ២០១៨ ក្នុងការជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ កន្លងមក លោក ចន រ៉ាយស៍ ដែលជនជាតិអាមេរិកកាំង មានចំណាប់អារម្មណ៍ជាមួយប្រទេសកម្ពុជា ដោយបានធ្វើកិច្ចការជាច្រើន ពាក់ព័ន្ធ នឹងវិស័យថាមពលនៅ កម្ពុជា ហើយក្រៅពីនោះលោកក៏បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ដូចជាការផ្តល់សំភារៈ បរិក្ខាពេទ្យ ដល់មន្ទីរពេទ្យកាល់ម៉ែត្រ និងធ្វើការងារជាច្រើនទៀតខាងវិស័យអប់រំ ជួយដល់កុមារ។ សម្តេចបានអរគុណចំពោះលោក ចន រ៉ាយ ដែលបានសហការជាមួយ មន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចធនធានមនុស្ស ដូចជាការបញ្ជូនមន្ត្រីខាងវិស័យវេជ្ជសាស្ត្រ ពីកម្ពុជា ទៅសហរដ្ឋអាមេរិក និងបញ្ជូនអ្នកជំនាញពីសហរដ្ឋអាមេរិកមកបណ្តុះបណ្តាលនៅកម្ពុជា។
លោក ចន រ៉ាយស៍ បានសន្យាថា នឹងមកកាន់ប្រទេសកម្ពុជា ជាញឹកញាប់ ក្នុងនាមជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវគំនិតអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា លើគ្រប់វិស័យទ ។ សម្តេចតេជោ ក៏បានណែនាំឱ្យលោក រ៉ាយស៍ ធ្វើការងារជាមួយប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានឯកឧត្តម បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ននិងមានសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនទៀត ដូចជាឯកឧត្តម ស៊ុន ចាន់ថុល ដែលធ្លាប់មានទំនាក់ទំនង ជាមួយលោកកន្លងមក៕